គុយវ៉ែត អនុញ្ញាតអោយបើកដំណើរអាកាសយានដ្ឋានអន្តរជាតិ ធម្មតាឡើងវិញហើយ ក្រោយជំងឺឆ្លងកូវីដ-១៩ មានភាពថមថយ

18

គុយវ៉ែត៖គណៈរដ្ឋមន្រ្តីគុយវ៉ែត ចេញសេចក្តីសម្រេចមួយនៅរសៀលថ្ងៃទី២០ ខែតុលា ឆាំ្ន២០២១ ស្តីពី «ការប្រកាសពីការវិលត្រឡប់ទៅរកជីវិតរស់នៅធម្មតាវិញ» ក្នុងនោះគុយវ៉ែត អនុញ្ញាតឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិកូវ៉ែតធម្មតាពេញលេញ ១០០% ឡើងវិញ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលមានអ្នកដំណើរចូលរដ្ឋគុយវ៉ែតចន្លោះពី ២ម៉ឺននាក់ ទៅ៣ម៊ឺននាក់ ក្នុង ១ថ្ងៃៗ ។

នេះបើយោងតាមការអោយដឹងពី លោក ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគុយវ៉ែត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លើបណ្តាញសង្គមហ្វេសប៊ុក របស់លោក មុននេះបន្តិច ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគុយវ៉ែត លើកឡើងជុំវិញសេចក្តីសម្រេចនេះ ថា គុយវ៉ែតនឹងអនុញ្ញាតឲ្យមានការផ្តល់ទិដ្ឋការ (VISA) គ្រប់ប្រភេទឡើងវិញជូនគ្រប់សញ្ជាតិទាំងអស់ដើម្បីចូលមករដ្ឋគុយវ៉ែត សម្រាប់អ្នកបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលទទួលស្គាល់ដោយរដ្ឋគុយវ៉ែត ដោយចាប់អនុវត្តពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ខាងនេះ ។

ទន្ទឹមនោះដែរ គុយវ៉ែត អនុញ្ញាតឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិកូវ៉ែតធម្មតាពេញលេញ ១០០%ឡើងវិញ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលមានអ្នកដំណើរចូលរដ្ឋគុយវ៉ែតចន្លោះពី ២ម៉ឺននាក់ ទៅ៣ម៊ឺននាក់ ក្នុង ១ថ្ងៃៗ ព្រមទាំងអនុញ្ញាតឲ្យថ្វាយបង្គំជិតៗគ្នាក្នុងវិហារឥស្លាមដោយគ្មានគម្លាតសង្គម តែត្រូវគោរពតាមការណែនាំពីអាជ្ញាធរសុខាភិបាល ដូចជា ពាក់ម៉ាស់ និងចាក់វ៉ាក់សាំង ដោយចាប់អនុវត្តពីថ្ងៃទី២២ ខែតុលា ឆាំ្ន២០២១។

លោក ហ៊ុន ហាន បន្តថា គុយវ៉ែតអនុញ្ញាតឲ្យមានការជួបជុំគ្នាដូចជា ធ្វើសន្និសីទ ពិធីមង្គលការ និងការជួបជុំជាលក្ខណៈសង្គមនានា សម្រាប់តែអ្នកទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប៉ុណ្ណោះ និងត្រូវពាក់ម៉ាស់ ដោយចាប់អនុវត្តពីថ្ងៃទី ២៤ ខែតុលា ឆាំ្ន២០២១ និងមិនតម្រូវឱ្យពាក់ម៉ាស់ឡើយនៅទីវាលបើកចំហរសាធារណៈ តែត្រូវពាក់ម៉ាស់នៅកន្លែងបិទជិត និងត្រូវនៅឆ្ងាយពីគ្នានៅកន្លែងដែលមិនអាចពាក់ម៉ាស់បានដូចជា នៅភោជនីយដ្ឋាន និងហាងកាហ្វេជាដើម ដោយចាប់អនុវត្តពីថ្ងៃទី២៤ ខែតុលា ឆាំ្ន២០២១ ៕