ស្រវឹងកុំបើកបរ ! អ្នកលក់ដីឡូតិ៍ និងមិត្តភក្តិម្នាក់ ចេញពីហាងផឹកស៊ី បើករថយន្តរ៉េចង្កូត ធ្លាក់ចូលទឹកព្រែក បណ្តាលអោយស្លាប់

132

កណ្តាល៖អ្នកលក់ដីឡូតិ៍ និងមិត្តភក្តិម្នាក់ ចេញពីកន្លែងផឹកស៊ី បើករថយន្តរ៉េចង្កូត ធ្លាក់ចូលទឹកព្រែក ក្នុងស្ថានភាពស្រវឹងជោកជាំ បន្ទាប់នាំគ្នាជួបជុំផឹកស៊ី នៅក្នុងហាងផឹកស៊ី យីហោ ប៉ាវចិន៦៨ បណ្តាលអោយស្លាប់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២៣៖១០នាទីយប់ ចំណុចខាងលិចផ្លូវជាតិលេខ២១ ខាងត្បូងព្រែកសែម ស្ពានទី៦៨ ស្ថិតនៅក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ច អោយ CPCNEWS ដឹងថា ជនរងគ្រោះ ឈ្មោះ ហាក់ សេងលឹម ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរដីឡូតិ៍ នៅភ្នំពេញ និងឈ្មោះ ស៊ាង រី ភេទប្រុស រស់នៅភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ

សាក្សីនៅក្បែរកន្លែងកើតហេតុ អោយដឹងថា មុនពេលកើតហេតុខាងលើជនរងគ្រោះទាំងពីរនាក់បានចេញពី កន្លែងផឹកស៊ីយីហោ ប៉ាវចិន៦៨ របស់ឈ្មោះ ហឿន ធី បានបើកបររថយន្តម៉ាក លុចស៊ីស RX300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH 5293  បើកបរមានទិសដៅពីលិច ទៅកើត ។ ពេលបើកបរមកដល់ចំណុចកើតហេតុ ចេញផ្លូវបេតុង ឡើងផ្លូវជាតិ២១ ស្រាប់តែ រ៉េចង្កូត ទៅទិសខាងជើង ធ្លាក់ចូលព្រែក ទើបបណ្ដាលអោយរថយន្តជនរងគ្រោះលិចក្នុងព្រែកស្លាប់ នៅកន្លែងកើតហេតុតែម្ដង

ចំពោះករណីនេះ សមត្ថកិច្ចសន្និដ្ឋានបឋមថា ជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹង មានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបរ៉េចង្កូតទៅទិសខាងជើង ធ្លាក់ចូលព្រែកបណ្ដាលអោយស្លាប់ តែម្ដង ។

សូមជម្រាបថា ភ្លាមៗនោះ កម្លាំងជំនាញ និងប៉ុស្ដិ៍រដ្ឋបាល ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រងរថយន្តឡើងគោក និង យកសពជនរងគ្រោះទាំង២នាក់ ដឹកដោយរថយន្ត សារ៉ែន នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី ៕