តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ក្រុមចោរគាស់ហាង សន្យា នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន

63

កណ្តាល៖លោក អឿង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោគាស់ហាង សន្យា នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «លួចមានស្ថានទំងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា» តាមមាត្រា៣៥៣ ,៣៥៧ នៃក្រមព្រហ្មទណ្ឌ ។

គួររម្លឹកថា កិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេត របស់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៌ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បង្ក្រាបក្រុមចោរប្លន់ក្នុងហាងសន្យា ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជោគជ័យ ត្រឹមរយៈពេល ២០ថ្ងៃ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅថ្ងៃទី២០ ទី២១ ខែតុលា ឆ្នាំ២០២១ នៅស្រុកមុខកំពូល និងស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកសេនីយ៌ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រាប់ CPC NEWS អោយដឹងថា ជនរងគ្រោះឈ្មោះ ឃិន សុផល ភេទប្រុស អាយុ៣៩ឆ្នាំ លក់ដូរ ទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន ២នាក់ មានឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឈ្មោះ ចាន់ សុធី ហៅ វ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកបន្តទៀតថា កាលពីថ្ងៃ២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២៖៤៥នាទីយប់ មានជនសង្ស័យចំនួន ២នាក់ជិះឡាន ១គ្រឿងពណ៌ខ្មៅ មកឈប់នៅចំណុចមុខហាង សន្យា ស្ថិតនៅភូមិព្រែកសំរោងសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ហើយនាំគ្នាដើរសំដៅទៅក្លោងទ្វារហាង រួចយកកន្ត្រៃកាត់មេសោទ្វារ និងមានស្ព្រាយបាញ់កងទ្វារងាយស្រួលរុញទ្វារបើកកុំអោយលឺសម្លេងខ្លាំង ។ បន្ទាប់មកជនសង្ស័យនាំគ្នាចូលទៅក្នុងហាង និងធ្វើសកម្មភាពលួច ឧបករណ៍ភ្លេង មួយចំនួនដូចជា ម៉ាស៊ីនឌីជេចំនួន ៣គ្រឿង ធុងបាស់ធំ(សាហ្វ)ចំនួន ១គ្រឿង បាស់សូឡូ ចំនួន ១គ្រឿង ម៉ិចស៊រសំលេង ១គ្រឿង ហើយលើកយកទៅដាក់ក្នុងឡាន ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បាននាំគ្នាបើកឡានគេចខ្លួន បាត់តែម្តង ខណៈជនសង្ស័យ ឈ្មោះ គង់ ដាវី និងឈ្មោះ ចាន់ សុធី ឆ្លើយសារភាពថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះទឹង (កម្មករក្នុងហាង) ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំ បានទំនាក់ទំទងគ្នាតាមប្រព័ន្ធTelegram ដោយថតរូបឧបករណ៍ភ្លេងផ្សេងៗ នៅក្នុងហាងសន្យា ផ្ញើមកឲ្យឈ្មោះ គង់ ដាវី ដើម្បីឲ្យមកធ្វើសកម្មភាពលួច ។

លុះនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ឈ្មោះ គង់ ដាវី ហៅផល បានរៀបចំផែនការលួចសម្ភារៈក្នុងហាងនោះ ដោយឈ្មោះ ទឹង បានជិះម៉ូតូម៉ាក Suzuki Viva ទៅចាំនៅផ្ទះជួល របស់ គង់ ដាវី នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។ ហើយឈ្មោះ គង់ ដាវី ជិះរថយន្តម៉ាក KIA ពណ៌ខ្មៅ គ្មានផ្លាកលេខ ចេញពីម្ដុំស្ថានីយ៍ទូរទស្សន៍បាយ័ន និងបានតេទូរស័ព្ទប្រាប់ឈ្មោះ ចាន់ សុធី ឲ្យមកឈរចាំនៅលើផ្លូវជាតិលេខ១ ជិតស្ពានច្បារអំពៅ ឲ្យយកកន្ដ្រៃទៅជាមួយផង បន្ទាប់មកក៏ចេញទៅយកឈ្មោះ ទឹង នៅផ្ទះជួលភូមិត្នោតជ្រុំ ។

រហូតដល់វេលាម៉ោង១២យប់ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ទឹង ប្រាប់ផ្លូវធ្វើដំណើរ មកហាងមួយកន្លែង យីហោសន្យា ស្ថិតនៅភូមិសាស្ត្រ ក្រុងតាខ្មៅ ដល់វេលាម៉ោង ១២៖៤៥នាទីយប់ បានធ្វើសកម្មភាពលួចតែម្តង ដោយឈ្មោះ គង់ ដាវី និង ឈ្មោះ ចាន់ សុធី យកកន្ត្រៃដែកដងពណ៌ខៀវ ប្រវែង១ម៉ែត្រ កាត់សោបើកទ្វារចូលទៅលួចឧបករណ៍ភ្លេងបានមួយចំនួន ។ ចំណែកឈ្មោះ ទឹង អង្គុយចាំក្នុងឡាន ជាអ្នកមើលផ្លូវ ។ ក្រោយពីលួចបានភ្លាមឈ្មោះ ទឹង ដើរទៅផ្ទះ ចំណែកឈ្មោះ គង់ ដាវី និង ឈ្មោះ ចាន់ សុធី ដឹកឧបករណ៍ភ្លេងទាំងនោះ ទៅទុកនៅផ្ទះជួលរបស់ឈ្មោះ គង់ ដាវី ។

លុះនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១៖៤០នាទី ឈ្មោះ ចាន់ សុធី បានយកម៉ាស៊ីនចាក់ឌីជេ ១គ្រឿង ជិះPassApp យកទៅលក់នៅចំណុចចុងស្ពានដែកចំការដូង ក្នុងតម្លៃ ៣៥០ដុល្លារ ។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ទើបកម្លាំងជំនាញស្រាវជ្រាវ ឃាត់ខ្លួន ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល និង ឈ្មោះ ចាន់ សុធី រួមជាមួយនឹងវត្ថុតាង ផងដែរ ៕