ញូដេលី៖ ក្រសួងការបរទេសឥណ្ឌាបានថ្លែងពីការព្រួយបារម្ភអំពីច្បាប់ថ្មីដែលប្រទេសចិនទើបតែអនុម័តដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងវិធានការពង្រឹងការការពារព្រំដែន ចំពេលប្រទេសយក្សអាស៊ីទាំងពីរនេះ កំពុងប្រឈមដាក់គ្នាយ៉ាងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនហិម៉ាឡៃ។
បើតាម Reuters កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រទេសចិនបានអនុម័តច្បាប់ពិសេសមួយស្តីអំពីរបៀបគ្រប់គ្រង និងការពារព្រំដែនគោកប្រវែង ២២,០០០ គីឡូម៉ែត្រ ដែលបែងចែកជាមួយប្រទេសជិតខាងចំនួន ១៤ប្រទេស រួមជាមួយប្រទេសរុស្ស៉ី និងកូរ៉េខាងជើងជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានលើកឡើងថា “ការសម្រេចចិត្តឯកតោភាគីរបស់ចិនក្នុងការនាំមកនូវច្បាប់ដែលអាចមានផលប៉ះពាល់លើការរៀបចំទ្វេភាគី ពិសេសលើការគ្រប់គ្រងព្រំដែន ក៏ដូចជាបញ្ហាព្រំដែន គឺជាកង្វល់របស់យើង” ។
សូមជម្រាបថា ព្រំដែនប្រវែង ៣.៥០០ គីឡូម៉ែត្ររវាងឥណ្ឌា និងចិននៅមិនទាន់បានកំណត់ ច្បាស់លាស់នៅឡើយទេ ហើយប្រទេសជិតខាងទាំងពីរនេះ បានទាមទារតំបន់ត្រួតស៊ីគ្នាលើតំបន់ធំៗនៃទឹកដីតាមបណ្តោយព្រំដែន ខណៈដែលកន្លងមកប្រទេសទាំងពីរបានធ្វើសង្គ្រាមទាមទារទឹកដីតាមព្រំដែនតាំងពីឆ្នាំនៅឆ្នាំ១៩៦២មក។
មកទល់ពេលនេះកងទ័ពឥណ្ឌា និងចិនរាប់ពាន់នាក់ក៏នៅតែបន្តមានវត្តមានប្រមូលផ្តុំនៅតាមព្រំដែនភ្នំហិម៉ាឡៃដាច់ក្នុងតំបន់ Ladakh ដែលជាទីតាំងធ្លាប់ផ្ទុះអាវុធដាក់គ្នាកាលពីថ្មីៗនេះ បើទោះបីជាមានការចរចាគ្នាជាច្រើមដងរួចមកហើយក៏ដោយ៕