ប្តីប្រពន្ធ២នាក់ មានដីប្លង់រឹងស្របច្បាប់ ស្រាប់តែសុខៗមានគេប្តឹងទៅតុលាការខេត្តព្រៃវែង អោយលុបប័ណ្ណនេះ ទៅវិញ

347

ព្រៃវែង៖លោក ហ៊ុន ម៉ាញ និង ប្រពន្ធឈ្មោះ សូ នីត្តា មានដីប្លង់រឹងស្របច្បាប់ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តព្រៃវែង ស្រាប់តែសុខៗមានគេប្តឹងទៅតុលាការខេត្តព្រៃវែង អោយលុបប័ណ្ណនេះ ទៅវិញ ។

ប្តីប្រពន្ធទាំង២នាក់ នេះ ដែលជាចុងបណ្តឹងក្នុងសំណុំរឿងរដ្ឋប្បវេណីរបស់តុលាការខេត្តព្រៃវែង សំណូមពរអោយលោក ស សំណាង ចៅក្រមសាលាដំបូងខេត្តព្រៃវែង មេត្តាច្រានចោលពាក្យបណ្តឹងដែលគ្មានមូលដ្ឋាននិងឯកសារត្រឹមត្រូវស្របច្បាប់ នេះ និង ផ្តល់យុត្តិធម៌ដល់ពួកគាត់ទាំង២នាក់ ផង ។

ដីដែលលោក ហ៊ុន ម៉ាញ និង ប្រពន្ធឈ្មោះ សូ នីត្តា កំពុងកាន់កាប់ស្របច្បាប់នេះ មានទំហំទទឹង១០ម៉ែត្រការ៉េនិងបណ្តោយ៦៤ម៉ែត្រការ៉េ ស្ថិតនៅភូមិឈ្នះជ័យក្រោម ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ការទាមទារយុត្តិធម៌របស់លោក ហ៊ុន ម៉ាញ និង ប្រពន្ធឈ្មោះ សូ នីត្តា នាពេលនេះ គឺ ក្រោយពេលដែល លោក ម៉ៃ សារីន និង ប្រពន្ធឈ្មោះ វ៉ា ស្រីម៉ៅ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅ បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តព្រៃវែង ដោយស្នើអោយលុបចោលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលកំពុងកាន់កាប់ស្របច្បាប់ដោយលោក ហ៊ុន ម៉ាញ និង ប្រពន្ធឈ្មោះ សូ នីត្តា និង ស្នើសុំនូវចំណុចមួយចំនួនទៀត ដូចក្នុងពាក្យបណ្តឹង ។

តាមប្រភពព័ត៌មានដែល CPC NEWS ទើបទទួលបាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះ គឺ លោក ហ៊ុន ម៉ាញ និង ប្រពន្ធឈ្មោះ សូ នីត្តា បានកាន់កាប់ដីនេះ ដោយមានការចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តព្រៃវែង ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ និង ឯកសារពាក់ព័ន្ធមួយចំនួនទៀត ។

មុនឈានដល់ការប្តឹងផ្តល់ដល់តុលាការ នេះ គឺ ភាគីទាំង២ ក៏ធ្លាប់បានសម្រុះសម្រួលគ្នា នៅសាលាស្រុកព្រះស្តេច ផងដែរ តែមិនសះជាគ្នា ទើបឈានដល់ លោក ម៉ៃ សារីន និង ប្រពន្ធឈ្មោះ វ៉ា ស្រីម៉ៅ ប្តឹងមកតុលាការ តែម្តង ។

ភាគី លោក ហ៊ុន ម៉ាញ និង ប្រពន្ធឈ្មោះ សូ នីត្តា នៅតែជឿជាក់លើប្រព័ន្ធយុត្តិធម៌ ជាពិសេស គឺ លោក ស សំណាង ចៅក្រមសាលាដំបូងខេត្តព្រៃវែង ថា ពិតជាផ្តល់យុត្តិធម៌ជូនពួកគាត់ទាំង២នាក់ ស្របតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ ដែលទើបឡើងកាន់តំណែងថ្មី ។

ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មានប្រសាសន៍ផងដែរថា ទំនាស់ដីធ្លី គប្បីត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ពោលគឺ តាមគោលនយោបាយឈ្នះឈ្នះ ទាំងអស់គ្នា របស់រាជរដ្ឋាភិបាល ៕