លោក ដួង តារា សម្របសម្រួលបញ្ចប់វិវាទរវាងអ្នកទិញផ្ទះ និង កូនបំណុលចាញ់ក្តីក្នុងតុលាការ តាមគោលនយោបាយឈ្នះ ឈ្នះ

132

បាត់ដំបង៖លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្យាយាមដោះស្រាយ និង សម្របសម្រួលដើម្បីបញ្ចប់វិវាទរវាងអ្នកទិញផ្ទះ និង កូនបំណុលចាញ់ក្តីក្នុងតុលាការ ប្រកបដោយប្រសិទ្ធភាព និងស្នាមញញឹម តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។

អ្នកមីង ទៀង ប៊ុនហាក់ អាយុ ៥៥ឆ្នាំ រស់នៅផ្ទះលេខ២១៤ ភូមិព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាភាគីកូនបំណុល បានខ្ចីប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺស ហ្វាយនែនភីអិលស៊ី ចំនួន ១២,០០០ ដុល្លារអាមេរិក ដោយបានបង់សងទៅម្ចាស់បំណុលវិញបានចំនួន ៨ខែ សរុបជាទឹកប្រាក់ចំនួន ២,០០០ដុល្លារអាមេរិក ។ ក្រោយជួបប្រទះបញ្ហាខ្វះខាត ដោយថវិកាចំណូលប្រចាំខែ គ្រួសារមានជំងឺប្រចាំកាយផងនោះ ទើបធ្វើឱ្យស្ថានភាពគ្រួសារធ្លាក់ចុះ ជីវភាពខ្វះខាតមិនមានលទ្ធភាពបង់ប្រាក់តាមការកំណត់ ជាហេតុធ្វើឱ្យម្ចាស់បំណុលប្ដឹងទៅតុលាការ ។

បច្ចុប្បន្នគ្រួសាអ្នកមីង ទៀង ប៊ុនហាក់ អាចមានលទ្ធភាពសងប្រាក់អោយទៅម្ចាស់បំណុលវិញតែម្ចាស់បំណុលមិនព្រមដោយអោយតុលាការលក់ឡៃឡុងផ្ទះ និងដីឱ្យឈ្មោះ ធិន ធារី ភេទស្រី អាយុ ៣០ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នរស់នៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ដោយមានការព្រួយបារម្ភខ្លាចមិនមានផ្ទះសម្បែងនៅ អ្នកមីង ទៀង ប៊ុនហាក់ និង លោក អៀប រដ្ឋា ជាប្ដីបានដាក់ពាក្យគោរពស្នើសុំកិច្ចអន្តរាគមន៍ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងកម្មវត្ថុ «ស្នើសុំសាលាដំបូងខេត្តបាត់ដំបងដើម្បីសុំឲ្យតុលាការលុបចោលការលក់ឡៃឡុងផ្ទះ និងស្នើសុំទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺសហ្វាយនែនភីអិលស៊ី ដើម្បីឱ្យម្ចាស់បំណុលយល់ព្រមទទួលយកប្រាក់សំណងវិញ»

លុះមកដល់ថ្ងៃ៥ ខែធ្នូ ឆ្នាំ២០២១ ក្រោម លោក ដួង តារា បានព្យាយាមដោះស្រាយ និង សម្របសម្រួលតាមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ដើម្បីបញ្ចប់វិវាទរវាងភាគីអ្នកទិញផ្ទះ និង កូនបំណុលដែលចាញ់ក្តីក្នុងតុលាការ ដោយភាគីទាំងពីរព្រមព្រៀងស្ម័គ្រចិត្តបញ្ចប់វិវាទរវាងគ្នាតាមរយៈការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ដោយដោយភាគីអ្នកទិញផ្ទះឈ្មោះ ធិន ធារី យល់ព្រមលក់ផ្ទះទៅឱ្យភាគីកូនបំណុលដែលចាញ់ក្តីក្នុងតុលាការវិញ ក្នុងតម្លៃ ២៧,០៥០ ដុល្លារអាមេរិក ហើយភាគីអ្នកមីង ទៀង ប៊ុនហាក់ ដែលជាកូនបំណុលហើយចាញ់ក្តីក្នុងតុលាការ យល់ព្រមកក់ប្រាក់ចំនួន ៧,០០០ ដុល្លារអាមេរិក ហើយប្រាក់នៅសល់ចំនួន ២០,០៥០ ដុល្លារអាមេរិកទៀត សន្យានឹងបង់ឱ្យក្នុងរយៈពេល ៣ខែ បើសិនមិនមានលទ្ធភាពបង់សន្យាថានឹងរើផ្ទះចេញ ហើយប្រាក់ដែលបានកក់នឹងទុកជាអសាបង់ ។

សូមជម្រាបថា ក្រោយដោះស្រាយបញ្ចប់វិវាទពីសំណាក់ លោក ដួងតារា ជំនួយការផ្ទាល់របស់សម្តេចតេជោ លោក មួង ឃីម អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និង លោក សុខលូ អភិបាលខេត្តបាត់ដំបង ព្រមទាំងន្ត្រីរាជការជាច្រើននាក់ទៀត ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនមួយចំណែក ដើម្បីចូលរួមបញ្ចប់វិវាទមួយនេះផងដែរ ៕