ស្ទឹងព្រែកត្នោត ក្រោមស្ពានសាក់សំពៅ ត្រូវបានបោះបង្គោលនិងចាក់ដី ស្ទើរបាត់ស្ទឹងទៅហើយ គ្មានអាជ្ញាធរពាក់ព័ន្ធមើលឃើញទាល់តែសោះ

172


ភ្នំពេញ៖ផ្លូវទឹកតាមសណ្តរដងស្ទឹងព្រែកត្នោត នៅចំណុចក្រោមស្ពានសាក់សំពៅ ក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងមានសកម្មភាពបោះបង្គោលកំណត់ព្រំនិងមានការចាក់ដីបំពេញបន្ថែមដែលស្ទើរបាត់ស្ទឹងទៅហើយ ។ ប៉ុន្តែបញ្ហានេះ អាជ្ញាធរពាក់ព័ន្ធ មើលមិនឃើញទាល់តែសោះ ។

ប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរតាមផ្លូវមួយនេះជាប្រចាំ បានប្រាប់មកកាន់អង្គភាពសារព័ត៌មាន CPC NEWS នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះ ថា កន្លងមកក៏ធ្លាប់ឃើញមានអាជ្ញាធរចុះមកហាមឃាត់ចំពោះការបោះបង្គោល នៅចំណុចស្ទឹងព្រែកត្នោតក្រោមស្ពានសាក់សំពៅនេះផងដែរ ។ ប៉ុន្តែការហាមឃាត់របស់អាជ្ញាធរគ្មានប្រសិទ្ធភាពទាល់តែសោះ ពោលគឺ រហូតមកទល់ពេលនេះសកម្មភាពបោះបង្គោលកំណត់ព្រំដីនិងចាក់ដីបំពេញបន្ថែម ដែលស្ទើរតែលុបស្ទឹងព្រែកត្នោតទៅហើយ តែគ្មានអាជ្ញាធរពាក់ព័ន្ធណាមើលឃើញទាល់តែសោះ ។

ប្រជាពលរដ្ឋ លើកឡើងទៀតថា លំហូរទឹកតាមសណ្តរស្ទឹងព្រែកត្នោតនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបញ្ចៀស ទឹកជំនន់រៀងរាល់ឆ្នាំ ។ ប៉ុន្តែឥឡូវនេះបែរជាមានការចាក់ដីព្រមទាំងបោះបង្គោល ស្ទើរលុបស្ទឹងទៅហើយ តែបែរជាគ្មានអាជ្ញាធរពាក់ព័ន្ធណាមើលឃើញទាល់តែសោះ ។

បញ្ហាទាំងអស់នេះប្រជាពលរដ្ឋដាក់ការសង្ស័យថាតើ អាជ្ញាធរ បានដឹងរឿងនេះដែរឬទេ ? ឬក៏បានដឹងហើយ តែមិនមានចំណាត់ការ ហើយមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង បានជាបណ្ដែតបណ្ដោយឲ្យមានការបោះបង្គោលនិងចាក់ដីរំលោភលើស្ទឹង ព្រែកត្នោតនៅចំណុចស្ពានក្រោមស្ពានសាក់សំពៅបែបនេះ។

ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងធនធានទឹក មេត្តាត្រួតពិនិត្យនិងចាត់វិធានការជាបន្ទាន់ផង ព្រោះឥឡូវនេះស្ទឹងព្រែកត្នោតត្រូវបានចាក់លុបស្ទើរបាត់ទៅហើយ ៕