ការត្រួតពិនិត្យនិងបញ្ជាក់សំណង់ សម្រេចដាក់ឲ្យអនុវត្តចាប់ពីថ្ងៃនេះតទៅ

146


ភ្នំពេញ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សម្រេចដាក់ឲ្យអនុវត្ត ការត្រួតពិនិត្យនិងបញ្ជាក់សំណង់ ចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ តទៅ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី ។

ការដាក់ឲ្យអនុវត្តការត្រួតពិនិត្យនិងបញ្ជាក់សំណង់ នេះ ត្រូវបានក្រសួងរៀបចំដែនដី បញ្ជាក់ថា ដើម្បីធានាគុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និង សាធារណជន ។

ក្រសួងរៀបចំដែនដី បញ្ជាក់ថា ក្នុងស្មារតីនេះ ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍អចលនវត្ថុ និង អ្នកអភិវឌ្ឍន៍លំនៅឋាន ត្រូវរកអ្នកវិជ្ជាជីវៈឬក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលមានអាជ្ញាប័ណ្ណផ្ដល់ដោយក្រសួងរៀបចំដែនដី ដើម្បីត្រួតពិនិត្យនិងចេញលិខិតបញ្ជាក់អនុលោមភាពនៃគម្រោងប្លង់ឬការងារសាងសង់ឬរុះរើឬសំណង់របស់ខ្លួន បទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀតមុននឹងដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ឬរុះរើ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ វិញ្ញាបនបត្រប្រើប្រាស់សំណង់ ។

សូមបញ្ជាក់ថា នាពេលកន្លងមក ក៏មានករណីបាក់រលំអគារ ផងដែរ ដែលបណ្តាលអោយមានមនុស្សស្លាប់និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ដែលបណ្តាលមកពីគុណភាពសំណង់ គ្មានគុណភាព សាងសង់មិនតាមលក្ខណៈបច្ចេកទេស និង ការត្រួតពិនិត្យសំណង់មិនបានត្រឹមត្រូវ ៕