នគរបាលខេត្តកណ្តាល កំពុងស្រាវជ្រាវអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លោកផ្កាយ១ ស្រេង សុខា ហៅ ទ្រី

184

កណ្តាល៖កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងស្រាវជ្រាវអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនតាមនីតិវិធីទៅលើជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ។ នេះបើយោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា លោក រស់ ផុនចាន់និមល ចៅក្រុមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី អតីតស្នងការរងនគរបាលខេត្តកណ្តាល ដើម្បីយកមកអនុវត្តទោសរយៈពេល១ឆ្នាំ៦ខែ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ តាមមាត្រា៣៥៣នៃច្បាប់ភូមិបាល ។

ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួននេះ លោកចៅក្រមជំនុំជម្រះ រស់ ផុនចាន់និមល ក៏បានបង្គាប់ឲ្យកងកម្លាំងសាធារណៈឲ្យចាប់និងនាំខ្លួនជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅទ្រី ទៅបង្ហាញខ្លួននៅមុខព្រះរាជអាជ្ញានិងធ្វើការឃុំខ្លួនតាមអំណាចសាលក្រមស្របតាមមាត្រា៣៥៣ កថាខណ្ឌទី៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ផងដែរ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា អត្តលេខ៦៣៤៥៦ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលការសម្រេចនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន ដឹងថា ដោយសារលោកផ្កាយ១ ធ្លាប់មានរឿងអាស្រូវជាច្រើន និង បានល្មើសបទបញ្ជារបស់កងកម្លាំងនគរបាលជាតិ ផងដែរ ៕