ភរិយាលោក អួន សារ៉ាត់ ប្ដឹង អ្នកស្រី ផាន់ ស្រីង៉ា ពីបទញុះញង់ឲ្យមានការរើសអើងនិងបរិហារកេរ្តិ៍ជាសាធារណៈ

185


ភ្នំពេញ៖អ្នកស្រី អ៊ុច សារ៉ាវុធ ភរិយារបស់លោក អួន សារ៉ាត់ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានប្ដឹងអ្នកស្រី ផាន់ ស្រីង៉ា ពីបទ ញុះញង់ឲ្យមានការរើសអើងនិងបរិហារកេរ្តិ៍ជាសាធារណៈ ដែលពាក្យបណ្ដឹងនេះបានគោរពជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។

លោក អួន សារ៉ាត់ គឺ ជាអ្នកជំនួញមួយរូប ជាគ្រូបណ្ដុះបណ្ដាលចំណេះដឹងទូទៅ ជាពិសេស ភាពជាអ្នកដឹកនាំ និង ភាពជោគជ័យក្នុងជីវិត ព្រមទាំងជាអ្នកសរសេរសៀវភៅដ៏មានប្រជាប្រិយភាព ផងដែរ ។

ប៉ុន្តែនៅពេលនេះ លោក អួន សារ៉ាត់ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលតាមប្រភពព័ត៌មាន គឺ លោក អួន សារ៉ាត់ កំពុងមានជំងឺកូវីដ១៩ មានលក្ខណៈធ្ងន់ធ្ងរដោយសារតែលោកមានជំងឺប្រចាំកាយច្រើន ។

យោងតាមពាក្យបណ្ដឹងរបស់ភរិយា លោក អួន សារ៉ាត់ បានរៀបរាប់ថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ អ្នកស្រី ផាន់ ស្រីង៉ា បានធ្វើការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយបានសរសេរពាក្យភ្ជាប់ជាមួយនឹងពាក្យបណ្ដឹងនិងរូបថតរបស់លោក អួន សារ៉ាត់ ដែលមានខ្លឹមសារថា «នាងខ្ញុំបានប្ដឹងជនបោកប្រាស់ អួន សារ៉ាត់ ។ ចៃដន្យម្ល៉េះ ដីកាតុលាការទៅដល់ក៏ធ្លាក់ខ្លួនឈឺភ្លាមៗ ចូលខ្លួនទៅបំភ្លឺអត់បាន ។ អត់មានធ្វើអ៊ីចឹងទេ ប្រមូលលុយប្រជាជនបានច្រើនណាស់ ទូទាំងប្រទេសលុយរាប់លានដុល្លារ អត់មានរឿងចេញក្បាច់គុនលក់ឡានលក់ដី ដីក្រុមហ៊ុន King Cow ដែលមានឈ្មោះខ្ញុំនិង អួន សារ៉ាត់ លក់ផ្ទះចេញទៅក្រៅប្រទេសអ៊ីចឹងទេ ។ សូមថ្នាក់ដឹកនាំទាំងអស់ជួយរកយុត្តិធម៌ជួយចាប់ជនបោកប្រាស់នេះផង»

កាន់តែលម្អិតសូមអានពាក្យបណ្តឹងនិងឯកសារពាក់ព័ន្ធជាច្រើនទៀត