ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ដេញគប់រថយន្ត ត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបាន

39

កណ្តាល៖ ក្រុមក្មេងទំនើងមានគ្នាបួននាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ រួចបានយកដុំថ្មគប់លើរថយន្តដឹកដីរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង ។

ហេតុការណ៍នេះ កើតឡើងនៅ ថ្ងៃទី៥ ខែមករា  ឆ្នាំ២០២២  វេលាម៉ោង ១៣៖០០នាទី  នៅចំណុចភូមិដំរីស្លាប់  ឃុំទ្រា  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ   សាន់  សីម៉ា  ភេទប្រុស  អាយុ៤០ ឆ្នាំ  មានទីលំនៅភូមិខ្នារ ឃុំក្រាំងធ្នង់   ស្រុកបាទី  ខេត្តតាកែវ  មុខរបរ  បើកបររថយន្តដឹកដី។

រីឯជនសង្ស័យ  ០៤  នាក់រួមមាន ទី១ឈ្មោះ  រុន  សារ៉ែន  អាយុ ១៩ឆ្នាំ  មានទីលំនៅ ភូមិ ចំបក់  ឃុំសៀមរាប  ស្រុកកណ្តាល ស្ទឹង  ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ, ទី២ឈ្មោះ  រុន  ម៉ាណែត  ភេទប្រុស  អាយុ១៧ឆ្នាំ  មានទីលំនៅភូមិចំបក់  ឃុំសៀមរាប  ស្រុកកណ្តាល ស្ទឹង  ខេត្តកណ្តាល  មុខរបរមិនពិតប្រាកដ, ទី៣ឈ្មោះ  ហឿន  សំណាង  ភេទប្រុស  អាយុ ១៧ឆ្នាំ  មានទីលំនៅភូមិរានថ្ម  ឃុំសៀមរាប  ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល  មុខរបរ មិន ពិតប្រាកដ និងទី៤ឈ្មោះ  សុង  វណ្ណឃីម ភេទប្រុស  អាយុ ២០ឆ្នាំ មានទីលំនៅភូមិតាដោល ទី៣  ឃុំអំពៅព្រៃ  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល  មុខរបររត់ តុ  ។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី ០៥  ខែមករា  ឆ្នាំ២០២២  វេលាម៉ោង  ១២៖០០នាទី ក្រុមជនសង្ស័យបានជិះម៉ូតូពីរគ្រឿង ខាងលើមានគ្នា បួននាក់ ដោយមានឈ្មោះ  រុន  សារ៉ែន ជិះម៉ូតូមួយគ្រឿង ជាអ្នកបើក និងឈ្មោះ ហឿន សំណាង ជាអ្នកជិះពីក្រោយ ឯម៉ូតូមួយគ្រឿងទៀត បើកបរដោយឈ្មោះ  សុង  វណ្ណឃីម  និងឈ្មោះ រុន ម៉ាណែត ជាអ្នកជិះពីក្រោយបានធ្វើដំណើរចេញពីផ្សារសៀមរាបស្ថិតនៅក្នុងឃុំសៀមរាបតាមបណ្ដោយផ្លូវជាតិលេខ២ ឆ្ពោះទៅ ទិសខាងត្បូង។

លុះពេលទៅដល់ចំនុចស្ពានកំពុងកោ រព្រំប្រទល់ខេត្តតាកែវ  ជិតដល់កន្លែងកើតហេតុក្រុមជនសង្ស័យបាននាំគ្នាបង្ហោះម៉ូតូ ហើយក៏បានជួបជាមួយនឹងរថយន្តដឹកដីជិះពីក្រោមក្រុមជនសង្ស័យ។

ឃើញដូចនេះរថយន្តដឹកដីក៏បានស៊ីផ្លេពីក្រោមក្រុមសង្ស័យ និងបានបើកវ៉ាទៅមុខ ក៏ធ្វើឲ្យក្រុមជនសង្ស័យខឹង ជិះតាមរថយន្តពីក្រោយព្រមទាំងបានយកដុំថ្មគប់លើរថយន្ត បណ្តាលឲ្យបែកកញ្ចក់ទ្វារថយន្តផ្នែកខាងឆ្វេងអស់ ១ផ្ទាំង។

ក្រោយកើតហេតុម្ចាស់រថយន្តរងគ្រោះក៏បានឈប់រថយន្តដើម្បីសួរនាំ ប៉ុន្តែក្រុមជនសង្ស័យបាននាំគ្នារត់គេចអស់ នៅសល់តែម្នាក់ ហើយជនរងគ្រោះក៏បានដាក់ពាក់បណ្តឹងមកកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា។

ក្រោយធ្វើការសាកសួរកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹងក៏បានឃាត់ខ្លួនក្រមសង្ស័យទាំងអស់បានមកវិញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕