ក្រុមការងារចុះជួយមូលដ្ឋានស្រុកជើងព្រៃ ជួបសំណេះសំណាល និងនាំអំណោយជូនពលរដ្ឋប្រមាណ ១០៧គ្រួសារ

9

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ១០៧គ្រួសារ ក្នុងឃុំទាំង១០ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានទទួលអំណោយដ៏ថ្លៃថ្លាពីលោក ម៉ឹង មករា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

លោក ម៉ឹង មករាប្រធានក្រុមការងារជនបង្គោល យុវជនថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានដឹកនាំសមាជិកក្រុមការងារថ្នាក់ជាតិ មូលដ្ឋានខេត្តកំពង់ចាម បានចុះសំណេះសំណាល និងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លា របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋចំនួន ១០ឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមមាន រទេះជនពិការ ចំនួន៧គ្រឿង ថវិកា២០,០០០៛(ក្នុង ១គ្រួសារ) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនទៀត ព្រមទាំងប្រគេនសម្ភារៈនិងគ្រឿងបរិភោគមួយចំនួនជូនព្រះចៅអធិការវត្តឬស្សីជ្រោយ ស្ថិតនៅភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ លោក ម៉ឹង មករា បានផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមឱ្យក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូត្រឡើងពីប្រជាជន និងធ្វើដើម្បីប្រជាជន។

ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី លោក ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ រួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕