កសិផលកម្ពុជា នឹងនាំចេញទៅទីផ្សារអន្តរជាតិបានកាន់តែច្រើន ស្របពេលទីតាំងប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម សាងសង់ជិតរួចរាល់

21

ព្រះសីហនុ៖ មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា បានសម្រេចការសាងសង់បានប្រមាណ ៨០% ហើយនៅលើផ្ទៃដីប្រមាណ ៨០ហិចតា ការណ៍នេះ ក្រោយបញ្ចប់ការសាងសង់នឹងជំរុញការនាំចេញកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនថែមមួយកម្រិតទៀត ។

មជ្ឈមណ្ឌលដ៏ធំមួយនេះមានទីតាំងស្ថិតនៅ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលបានធ្វើការបែងចែកជាអគាររដ្ឋបាល ផ្ទះកម្មករ ទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារពិពណ៌កសិផល កន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ (ម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ )។

ជុំវិញសមិទ្ធផលនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកសាងមជ្ឈមណ្ឌលនេះឡើង ដើម្បីបម្រើឲ្យវិស័យកសិឧស្សាហកម្មជារួម និងដោយឡែកផ្លែឈើតំបន់ត្រូពិច (Tropical Friuts) ដែលកសិករកម្ពុជាកំពុងមានក្នុងដៃដូចជា ស្វាយកែវរមៀត ស្វាយចន្ទី មានប៉ៃលិន ដូងក្រអូប ស្រការនាគ ខ្មុរ ចេកអំបូងលឿង និងក្រូចថ្លុងជាដើម។

 

លោកបន្តថា មជ្ឈមណ្ឌលនេះ ប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មផ្លែឈើ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនប្រាក់ចំណូល និងរក្សានិរន្តរភាពផលិតកម្មផ្លែឈើ ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។

 

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យវិស័យឯកជនផ្សេងទៀតចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្ម ហើយសង្ឃឹមថា កសិផលកម្ពុជានឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិបានកាន់តែច្រើនឡើងថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង៕