បុគ្គលិកអង្គការដោះមីនកម្ពុជា ៣រូប បានបាត់បង់ជីវិតដោយសារផ្ទុះមីនតោនក្នុងពេលបំពេញភារកិច្ចក្នុងស្រុកជាំក្សាន្ត

30

ព្រះវិហារ៖ បុគ្គលិក របស់អង្គការដោះមីនកម្ពុជា (CSHD) ចំនួន ០៤នាក់ បានជួបគ្រោះថ្នាក់ផ្ទុះមីនតោន ក្នុងពេលប្រតិបត្តិការការងារ បណ្តាលឲ្យបុគ្គលិក ៣រូបបាត់បង់ជីវិត និងម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១៖៣០ នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមអាជ្ញាធរមីន បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងបន្ទាប់ពីមានការរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត អំពីការរកឃើញ គ្រាប់កាំភ្លើងមិនធាក់ថយ ៨២មម សរុបចំនួន១២គ្រាប់នៅលើដីចម្ការមួយកន្លែង និងស្នើរឲ្យក្រុមការងារយកទៅបំផ្លាញចោលនៅកន្លែងមានសុវត្ថិភាព។

ក្រោយកើតហេតុ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃអាជ្ញាធរកម្ពុជាគ្រប់គ្រង់សកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយគ្រួសារជនរងគ្រោះ និងសាច់ញាតិទាំងអស់ ចំពោះមរណភាពបុគ្គលិកបោសសម្អាតមីនអង្គការដោះមីនកម្ពុជានេះផងដែរ៕