ចៅក្រមសាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើរឿងឧក្រិដ្ឋអោយក្លាយជាបទមជ្ឈឹម ! ព្រះរាជអាជ្ញា ប្ដឹងឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់ចៅក្រមជំនុំជម្រះ ដែលប្ដូរបទឧក្រិដ្ឋចោទប្រកាន់ «ប៉ុនប៉ងឃាតកម្មទៅជាបទជេរប្រមាថជាសាធារណៈ»

188

ត្បូងឃ្មុំ៖ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និង ជនរងគ្រោះផ្ទាល់ សុទ្ធតែបានប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះទៅលើការកែប្រែបទចោទប្រកាន់ លើជនជាប់ចោទម្នាក់ជាមន្ត្រីយោធាកងពលតូចលេខ២ នៃខេត្តសៀមរាប ពីបទឧក្រិដ្ឋ «ប៉ុនប៉ងឃាតកម្មទៅជាបទជេរប្រមាថជាសាធារណៈវិញ» ដែលជាបទល្មើសមជ្ឈឹម វិញ ។ ទាំងព្រះរាជអាជ្ញានិងជនរងគ្រោះ ចាត់ទុកថា ការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនាពេលនេះ ធ្វើឡើងមិនត្រឹមត្រូវតាមច្បាប់នោះទេ ។

តាមប្រភពព័ត៌មានដែល CPC ទើបទទួលបាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ផល សុភាព ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាមន្ត្រីយោធាកងពលតូចលេខ២ នៃខេត្តសៀមរាប ជាប់ចោទពីបទ «ប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» ត្រូវបានតុលាការខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៥៤ «ង» ចុះថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលបទល្មើសនេះកើតឡើងនៅចំណុចភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងតាមមាត្រា២៩និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌនិងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ។

ជាមួយគ្នានេះ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានចេញដីកាបង្គាប់ឲ្យចាប់និងឃុំខ្លួន ជនជាប់ចោទឈ្មោះ ផន សុភាព ផងដែរ ដើម្បីយកមកអនុវត្តទោសពន្ធនាគាររយៈពេល១២ឆ្នាំ តាមអំណាចសាលក្រម ព្រហ្មទណ្ឌលេខ ៥៤ «ង» ចុះថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ទុកថាអំពើប្រព្រឹត្តរបស់ជនជាប់ចោទ ផន សុភាព បានបង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ហើយជនជាប់ចោទកំពុងរត់គេចខ្លួនដោយពុំមានការទទួលខុសត្រូវ អំពើរបស់ខ្លួន ។ ហេតុនេះគប្បីស្វែងរកចាប់ខ្លួនជនជាប់ចោទយកមកអនុវត្តទោសតាមច្បាប់ ។

បន្ទាប់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាបង្គាប់ឲ្យចាប់និងឃុំខ្លួននេះ  ក្រោយមកគេបានឃើញជននេះដើរគឃ្លើននដោយគ្មានសមត្ថកិច្ចណាទៅចាប់ជននោះមកអនុវត្តទោសឡើយ  ។ លើសពីនេះជនជាប់ចោទឈ្មោះ ផន សុភាព ក៏បានប្ដឹងទាស់នឹងសាលក្រមកំបាំងមុខរបស់ចៅក្រមជំនុំជម្រះ ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១  មានការជំនុំជម្រះលើបណ្តឹងទាស់របស់ជនជាប់ចោទ   ដែលសមាសភាពជំនុំជម្រះមាន លោក គង់ តាំងម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ   គេបានឃើញជនជាប់ចោទដើរចូលមកក្នុងបន្ទប់សវនាការដោយរំភើយគ្មានបានបារម្ភអ្វីទាំងអស់  ទោះបីជាដីកាចាប់និងឃុំ  ខ្លួននៅមានអនុភាពអនុវត្តក៏ដោយ ។ ដូចការរំពឹងទុក  ក្រោយជំនុំជម្រះ  តុលាការបានចេញសាលក្រម ដែលមានខ្លឹមសារដូចខាងក្រោម ៖

១-ច្រានចោលសាលក្រមព្រហ្មទណ្ឌលេខ ៥៤ «ង» ចុះថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១៩ និងត្រូវកែប្រែសម្រេចសាជាថ្មី ។

២-ប្តូរបទចោទប្រកាន់លើជនជាប់ចោទឈ្មោះ ផន សុភាព ពីបទប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទៅជាបទជេរប្រមាថជាសាធារណៈវិញ ។

៣-ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ផន សុភាព ពិន័យជាប្រាក់ចំនួន១០លានរៀល និង បញ្ចប់អានុភាពដីកាបង្គាប់ឲ្យចាប់និងឃុំខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តត្បូងឃ្មុំលើជនជាប់ចោទឈ្មោះ ផន សុភាព ចាប់ពីថ្ងៃប្រកាសសាលក្រមតទៅ និង មានខ្លឹមសារមួយចំនួនផ្សេងទៀត ។

ក្រោយការសម្រេចនេះ ទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំនិងជនរងគ្រោះឈ្មោះ យ៉ាន សុវណ្ណ បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ ដោយចាត់ទុកថា ធ្វើឡើងមិនត្រឹមត្រូវតាមច្បាប់នោះទេ ។

ចំពោះការសម្រេចរបស់លោក គង់ តាំងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលនេះ ដែលបានកែប្រែបទចោទប្រកាន់ទៅលើជនជាប់ចោទឈ្មោះ ផន សុភាព មានទោសជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតទៅជាបទ ជេរប្រមាថជាសាធារណៈ នេះ គឺ ជនរងគ្រោះចាត់ទុកថា ជាការសម្រេចដ៏អយុត្តិធម៌បំផុតដែលមិនអាចទទួលយកបានឡើយ ខណៈដែលជនជាប់ចោទឈ្មោះ ផន សុភាព បម្រុងបាញ់សម្លាប់ជនរងគ្រោះតែមិនបានសម្រេច ។

ជនរងគ្រោះបានលើកដៃសំពះអង្វរដល់ សម្តេចតេជោ សូមជួយរកយុត្តិធម៌ដល់រូបគាត់ផង  ម្យ៉ាងទៀតជនរងគ្រោះក៏បានរៀបចំពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ  និង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌  អោយជួយដោះស្រាយ  និងពិនិត្យលើករណីមិនប្រក្រតីនេះផងដែរ ៕