កម្លាំងនគរបាលក្រុងតាខ្មៅ បំបែកសំណុំរឿងកាប់ប្លន់យកម៉ូតូបានដោយជោគជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់

65

កណ្តាល៖ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល , កម្លាំងនគរបាលក្រុងតាខ្មៅ ដែលមានលោកវរសេនីយ៍ឯក យី វណ្ណដា ជាអធិការក្រុងតាខ្មៅ បានបំបែកសំណុំរឿងកាប់ប្លន់យកម៉ូតូបានដោយជោគជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ និង ៣នាក់ទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។

ហេតុការណ៍កាប់ប្លន់យកម៉ូតូបានសម្រេចនេះ កើតឡើងកាលពីវេលាម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ឹម ស្រីណែត ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុន ។

ចំណែកជនសង្ស័យមានគ្នា៥នាក់ ៖

១-ឈ្មោះឈឿន សុខណា ហៅមាន់  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិសំបុកចាប ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

២-ឈ្មោះលីលាង សុខសាន្ត ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ ទីលំនៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

និង៣នាក់ទៀត កំពុងរត់គេចខ្លួន ។

នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីធ្វើការនៅភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះវិញ ។ លុះជិះដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកជិះតាមពីក្រោយកៀរម៉ូតូជនរងគ្រោះអោយចូលកៀន ហើយកាន់ដាវយារស្រែកសំឡុតរកកាប់ជនរងគ្រោះអោយប្រគល់ម៉ូតូអោយ ។ ជនរងគ្រោះភ័យក៏ប្រគល់ម៉ូតូអោយទៅជនសង្ស័យ ។ ពេលបានម៉ូតូហើយ ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនឆ្ពោះទៅទិសខាងត្បូងបាត់ទៅ ។

បន្ទាប់មក ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរការខ្ពស់ ដើម្បីជួយអន្តរាគមន៍ ដោយម៉ូតូរបស់ជនរងគ្រោះភ្ជាប់ប្រព័ន្ធ GPS សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរហូតដល់ម្តុំសំណង់១២ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនបាន២នាក់ និង រួមទាំងវត្ថុតាង បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ៕