បុរសក្រខ្សត់ម្នាក់ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិមហាសាល ក្រោយក្លាយជាម្ចាស់ភាគហ៊ុនធនាគារដ៏ល្បីល្បាញមួយនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

92

អារ៉ាប៊ីសាអ៊ូឌីត៖លោក សូឡៃម៉ាន ពិន អាប់ឌុលអាស្សីស អាល់រ៉ជីហី (Sheikh Sulaiman bin Abdulaziz Al Rajhi) កើតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩២៩ បច្ចុប្បន្នមានវ័យ ៩១ឆ្នាំ រស់នៅតំបន់អាល់កសឹម នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់រស់នៅក្នុងគ្រួសារក្រីក្រ បានក្លាយមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

បើតាមទស្សនាវដ្តីពាណិជ្ជកម្មអាមេរិកកាំងមួយឈ្មោះ “Forbes” ចុះផ្សាយអំពីទ្រព្យសម្បត្តិរបស់លោក ដោយបញ្ជាក់ថា កាលពីឆ្នាំ២០១១ លោកមានទ្រព្យសម្បត្តិប្រមាណជា ៥.៩ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។ ទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់នេះ ធ្វើអោយលោកក្លាយអ្នកមានបំផុតទី១៦៩ នៅលើពិភពលោក។

រំលឹកពីអតីតកាលក្នុងស្ថានភាពគ្រួសារក្រលំបាក គ្មានប្រាក់កាក់ លោកសូឡៃម៉ាន អាល់រ៉ជីហី ថ្ងៃមួយនោះសាលាមានដំណើរកម្សាន្តជាមួយសិស្សានុសិស្ស ប៉ុន្តែតម្រូវអ្នកសិស្សម្នាក់ៗចេញបដិភាគខ្លះក្នុងដំណើរទស្សនកិច្ច ប៉ុន្តែលោកគ្មានលុយកាក់នោះទេ។ លោក សូឡៃម៉ាន អាល់រ៉ជីហី ទៅផ្ទះដើម្បីសុំថវិកាខ្លះពីគ្រួសារ ប៉ុន្តែឪពុក ម្តាយលោក ក៏មិនមានលុយ។ ថ្ងៃដំណើរកម្សាន្តក៏ជិតមកដល់ លោកនៅតែគ្មានលុយទៀត មានតែអង្គុយស្រែកយំជាខ្លាំង។

ប៉ុន្តែជាភ័ព្ទសំណាងលោកគ្រូរបស់លោកជាជនជាតិម៉ាឡេស្ទីនម្នាក់ បានផ្តល់ថវិកាជូនគាត់ខ្លះ ជាប្រាក់លើកទឹកចិត្តក្នុងការប្រឡងប្រចាំត្រីមាសមានលទ្ធផលល្អ។ ពេលនោះ សូឡៃម៉ាន អាល់រ៉ជីហី មានការសប្បាយចិត្តជាខ្លាំង ហើយក៏បានយកថវិកានោះជូនរដ្ឋបាលសាលា ដើម្បីមានវត្តមានក្នុងដំណើរទស្សនកិច្ចជាមួយមិត្តរួមសាលានោះ ។

ក្រោយបញ្ចប់ការសិក្សា លោក សូឡៃម៉ាន អាល់រ៉ជីហី បានចេញធ្វើការងារជាមួយធនាគារមួយនៅទីក្រុងជុទះ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយផ្តើមជាសហគ្រិនវ័យក្មេងដែលមានការលះបង់ខ្ពស់ និងការតស៊ូយ៉ាងខ្លាំងក្លាក្នុងជីវិត ជាគ្រួសារក្រីក្រ។

ដោយសារតែលោកជាមនុស្សមានភាពវ័យឆ្លាតក្នុងការវិនិយោគ លោកក៏បានផ្តួចផ្តើមគំនិត ចាប់ផ្តើមធ្វើអាជីវកម្មជាមួយបងប្អូនប្រុសរបស់លោកម្នាក់ ដោយត្រូវគិតថ្លៃអ្នកដែលមកធ្វើធម្មយាត្រាហាជ្ជីដែលជិះសត្វអូដ្ឋឆ្លងកាត់វាលខ្សាច់មួយនៅតំបន់គាត់រស់នៅ គឺវាលខ្សាច់ណាជ្ជ ឆ្ពោះទៅទីក្រុងម៉ាក្កះ និងទីក្រុងម៉ាឌីណា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្រោយមក លោក សូឡៃម៉ាន អាល់រ៉ជីហី លោកបានក្លាយជាម្ចាស់ភាគហ៊ុនធនាគារមួយដែលមានឈ្មោះ «Al Rajhi Bank» ដែលជាធនាគារដ៏ធំដែលមានមូលដ្ឋាននៅទីក្រុងជុទះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ មិនយូរប៉ុន្មានធនាគារនេះ មានការរីកចម្រើនយ៉ាងខ្លាំង ដែលទទួលបានប្រាក់ចំណេញច្រើនបំផុតក្នុងចំណោមធនាគារជាច្រើននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ទោះបីសហគ្រិនជោគជ័យរូបនេះបានក្លាយជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិទៅហើយក្តី លោក សូឡៃម៉ាន អាល់រ៉ជីហី ក៏មិនបានភ្លេចគុណដ៏ធំធេងគ្រូរបស់លោក ជាជនជាតិប៉ាឡេស្ទីន ដែលផ្តល់ថវិកាខ្លះជាប្រាក់លើកទឹកចិត្តដល់លោក ក្នុងគ្រាដែលលោកក្រីគ្មានប្រាក់កាក់ សូម្បីតែការចេញបដិភាគខ្លះដល់សាលាក្នុងដំណើរទស្សនកិច្ចជាមួយមិត្តរួមថ្នាក់នោះក៏ដោយ។

សហគ្រិនវ័យក្មេងរូបនេះ ស្វែងរកលោកគ្រូជនជាតិប៉ាឡេស្ទីននោះ រហូតបានជួបលោកគ្រូ ក្នុងស្ថានភាពលំបាក ក្រោយចូនិវត្តន៍ពីការងារជាគ្រូបង្រៀន។ ពេលនោះ លោក សូឡៃម៉ាន អាល់រ៉ជីហី បានដាក់លោកគ្រូរបស់លោកនៅក្នុងឡានរបស់គាត់ ហើយនិយាយថា «ខ្ញុំជំពាក់លោកគ្រូ» ។ លោកគ្រូនិយាយថា “តើអ្នកអាចជំពាក់អ្នកក្រដូចខ្ញុំឬុ?” ។ អាល់រ៉ជីហី ឆ្លើយថា លោកគ្រូឲ្យលុយខ្ញុំ កាលប៉ុន្មានឆ្នាំមុន។

ចាប់តាំងពីពេលនោះមក លោក អាល់រ៉ជីហី ទទួលរ៉ាប់រងរាល់ការចំណាយវាយទាំងអស់របស់គ្រូរបស់លោក ទាំងសម្ភារៈផ្សេងៗ ដោយលោកគ្រាន់តែនិយាយថា សុភមង្គលរបស់ខ្ញុំច្រើនជាងសុភមង្គលរបស់លោកគ្រូ នៅពេលដែលលោកគ្រូបានផ្តល់ថវិកាជាប្រាក់លើកទឹកចិត្តដល់ខ្ញុំកាលនោះ។

គេហទំព័រ The Saisat Daily  ចុះផ្សាយកាលពីពេលថ្មីៗ នេះ ថា លោក សូឡៃម៉ាន អាល់រ៉ជីហី បានបរិច្ចាគទឹកប្រាក់ចំនួន ១៧០លានរីយ៉ាល ប្រមាណជា ៤៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ និងផ្តល់សណ្ឋាគារចំនួន ២កន្លែងនៅទីក្រុងម៉ាក្កះដល់ក្រសួងសុខាភិបាល សម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ផងដែរ

ជាមួយគ្នានេះដែរ លោកមានចម្ការត្នោតនៅតំបន់កសឹម នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រមាណជាង ២០០,០០០ដើម និងដើមល្មើរប្រមាណជា ៤៥ពូជនៅក្នុងចម្ការរបស់លោក ទទួលផលនៃផ្លែល្មើរនោះ ១០.០០០ តោនក្នុងមួយឆ្នាំៗ ដើម្បីបរិច្ចាគជូនអ្នកក្រីក្រ តាមមាគ៌ានៃសាសនាឥស្លាម ដែលអល់ឡោះបានបង្គាប់ប្រើ។

ដីចម្ការទាំងនេះ ត្រូវបានគេរកឃើញថា ជាដីសមូហភាព ឬ ដីវ៉ាកាហ្វដ៏ធំបំផុតនៅលើលោក ដែលទទួលបានប្រាក់ចំណូលយ៉ាងច្រើន សម្រាប់សាងសង់វិហារឥស្លាមនៅតាមបណ្តាប្រទេសផ្សេងៗ នៅទូទាំងពិភពលោក និងសម្រាប់ការងារសប្បុរសធម៌ និងពិធីរៀបចំស្រាយបួស នៅវិហារឥស្លាមទាំងពីរ នៅទីក្រុងម៉ាក្កះ និងទីក្រុងម៉ាឌីណា នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្នុងកិច្ចសម្ភាសន៍មួយ មហាសេដ្ឋីរូបនេះលើកឡើងថា វាពិតជាសំខាន់ណាស់ ដែលមនុស្សម្នាក់ចាត់ទុកថា វាគ្រប់គ្រាន់ហើយសម្រាប់អ្នកទទួលមរតក។ វាពិតជាអស្ចារ្យណាស់ដែលពួកគេរីករាយនឹងចំណែកនេះដោយសន្តិភាព។ ប៉ុន្តែយ៉ាងណាក៏ដោយ ផ្នែកមួយដ៏សំខាន់បំផុតនោះគឺ ទ្រព្យសម្បត្តិរបស់អ្នកជួយដល់ប្រជាជាតិ និងសង្គមជាតិដែលអ្នករស់នៅ”។

លោកបន្តថា ក្រៅពីនេះអ្នកជំពាក់ខ្លួនឯងច្រើនជាងអ្នកជំពាក់គ្រួសាររបស់អ្នក។ នៅពេលអ្នកចាកចេញពីជីវិតនេះ មានតែការវិនិយោគតែមួយគត់ ដែលអ្នកសន្សំសម្រាប់ជីវិតអ្នកដទៃ។ ដូច្នេះ អ្នកប្រគល់ទ្រព្យសម្បត្តិរបស់អ្នកចំនួនពាក់កណ្តាលទៅគ្រួសាររបស់អ្នក និងពាក់កណ្តាលទៀតសម្រាប់ជាសប្បុរសធម៌។ តើអ្នករក្សាទុកអ្វីខ្លះសម្រាប់ការចំណាយរបស់អ្នក? ជាផ្ទះ? ជាកសិដ្ឋាន ឬ ប្រាក់ខែ?

លោកឆ្លើយទាំងទឹកមុខញញឹមថា «គ្មានអ្វីទេ!» ខ្ញុំមានអាយុច្រើនឆ្នាំហើយ! តើខ្ញុំត្រូវការអ្វីទៀត? ទ្រព្យសម្បត្តិដែលខ្ញុំមាន ខ្ញុំផ្តល់ជាកន្លែងស្នាក់នៅ ជាចំណីអាហារ ជាវេជ្ជសាស្រ្ត និងមធ្យោបាយធ្វើដំណើរ ។ លោកបន្តថា មហាសេដ្ឋីដែលគ្មានប្រាក់! តើមានអារម្មណ៍យ៉ាងណា? ខ្ញុំមានអារម្មណ៍ថា ពិតជាមានសេរីភាព! ខ្ញុំមានអារម្មណ៍ដូចជាបក្សី …។ នៅពេលដែលអល់ឡោះអំពាវនាវដល់ខ្ញុំ ខ្ញុំអាចឆ្លើយនូវការអំពាវនាវរបស់ទ្រង់ដោយគ្មានការស្ទាក់ស្ទើរនោះឡើយ! ខ្ញុំពិតជាមានអារម្មណ៍ធូរស្បើយមែន!។

សូមជម្រាបថា លោក សូឡៃម៉ាន ពិន អាប់ឌុលអាស្សីស អាល់រ៉ជីហី ត្រូវបានសៀវភៅឯតទគ្គកម្មពិភពលោក Guinness  សរសេរអំពីការខិតខំដ៏អស្ចារ្យបំផុតរបស់លោកមិនធ្លាប់មាននរណាធ្វើបាន ។ ជាមួយគ្នានេះ ទស្សនាវដ្តីពាណិជ្ជកម្មអាមេរិកកាំងដ៏ល្បី Forbes បានដាក់ឈ្មោះលោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្តល់ជំនួយដ៏សន្ធឹកសន្ធាប់បំផុតទាំង ២០នៅលើពិភពលោកផងដែរ ៕