សត្វមាន់រាប់ពាន់ក្បាល ប្រឈមការងាប់ ប្រសិនបើអាជ្ញាធរខណ្ឌឫស្សីកែវ មិនមានដំណោះស្រាយទាន់ពេលវេលា ទេ

64

ភ្នំពេញ៖ឡានមួយគ្រឿងដឹកសត្វមាន់រាប់ពាន់ក្បាល កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ឃាត់ទុក ហើយយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ដោយពុំទាន់មានដំណោះស្រាយអ្វីនោះទេ ។ ម្ចាស់ សត្វមាន់ ថ្លែងថា ពេលនេះ សត្វមាន់បានងាប់ជាបណ្តើរៗហើយ តែអាជ្ញាធរមិនទាន់មានដំណោះស្រាយអ្វីទាល់តែសោះ ។

លោក សុខ ម៉ន ម្ចាស់សត្វមាន់ បានទូរស័ព្ទមកអង្គភាពសារព័ត៌មាន CPC ដោយប្រាប់ថា ឡានរបស់លោកមិនមានខុសអ្វីនោះទេ ស្រាប់តែកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ឃាត់ទុក ហើយយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ដោយពុំទាន់មានដំណោះស្រាយអ្វីនោះទេ ។

លោក សុខ ម៉ន បន្តថា លោកបានរង់ចាំជួប លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ជាច្រើនម៉ោងមកហើយ តាំងពីព្រឹក តែនៅមិនទាន់បានជួបទាល់តែសោះ គិតត្រឹមម៉ោងជិត១១ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ។

ម្ចាស់សត្វមាន់ បន្តថា ពេលលោកសួរទៅសមត្ថកិច្ចដែលចាប់ឡានលោក ថា តើឡានលោកខុសអ្វី បានជាចាប់ គឺ សមត្ថកិច្ចមិនបានឆ្លើយនោះទេ ហើយដឹងតែយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ។

នៅពេលនេះ លោក សុខ ម៉ន ម្ចាស់សត្វមាន់ បារម្ភជាខ្លាំងថា សត្វមាន់អាចនឹងស្លាប់ជាបន្តបន្ទាប់ទៀត ខាតបង់ប្រាក់ជាច្រើន ប្រសិនបើ អាជ្ញាធរនៅមិនដោះស្រាយទេនោះ ៕