គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត នឹងជួយតភ្ជាប់ទេសចរណ៍ខេត្តកំពត ទៅកាន់ពិភពលោក ខណៈជិតសម្រចការសាងសង់ជាស្ថាពរហើយ

84

កំពត៖ គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពត បានសម្រេចវឌ្ឍនភាពការងារសាងសង់បានប្រមាណ ៩៣,៤១ % ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និងវៀតណាម ចូលមកកាន់កម្ពុជា ស្របពេលដែលកំពង់ផែនេះ ជាកំពង់ផែសម្រាប់អ្នកដំណើរមិនមែនជាកំពង់ផែទំនិញឡើយ។

ជាងនេះទៅទៀត កំពង់ផែនេះចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈកំពង់ផែនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ។

ពិសេសជាងនេះ កំពង់ផែនេះ ជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេស ចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក ហើយនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាផងដែរ៕