ក្រសួងសាធារណការស្នើសុំថវិកាពីមិត្តចិន ដើម្បីស្តាកំណាត់ផ្លូវជាតិលេខ៣ ចំនួន ២០គីឡូម៉ែត្រ ដែលរងការខូចខាតខ្លាំង ខណៈទីតាំងខ្លះជាតំបន់ដីស្អុយ

43

កំពត៖ នៅក្នុងឱកាសចុះពិនិត្យមើលស្ថានភាពជួសជុលថែទាំផ្លូវជាបណ្តោះអាសន្ន នៅកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ)ប្រវែង២០គីឡូម៉ែត្រ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងកំពុងតែខិតខំប្រឹងប្រែងស្វែងរកប្រភពថវិកាក្នុងការស្តាកំណាត់ផ្លូវនេះ ពិសេសពីមិត្តចិន ដើម្បីសាងសង់កំណាត់ផ្លូវនេះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ជាប់យូរអង្វែង។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបានបញ្ជាក់ថា  ផ្លូវជាតិលេខ៣ (កំពត-វាលរេញ)មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកា ស្ដាកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ ប៉ុន្តែកំណាត់ផ្លូវ២០គីឡូម៉ែត្រផ្សេងទៀតមានបញ្ហាច្រើនណាស់ ធ្វើមិនបានជាប់ទេ។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា មូលហេតុដែលធ្វើមិនបានជាប់យូរ ព្រោះក្នុងចំណោម ២០គីឡូម៉ែត្រ មាន៥គីឡូម៉ែត្រជាដីស្អុយ ដែលមានជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ ជម្រៅ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង២៦ស.ម លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសុំការអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវនៅកំណាត់ផ្លូវនេះ ដែលបានជួបការលំបាកក្នុងការធ្វើដំណើរកន្លងមក ហើយទន្ទឹមនេះក៏បានសំណូមពរសុំកុំឱ្យមានការដឹកជញ្ជូនលើសទម្ងន់កម្រិតដែលមានកំណត់ក្នុងច្បាប់ ដែលនាំឱ្យផ្លូវនេះកាន់តែមានសភាពខូចកាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕