ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានការទៅលើម្ចាស់យានដ្ឋាន និងម្ចាស់រថយន្តដែលបានធ្វើសកម្មភាពកែច្នៃដំឡើងរថយន្តខុសពីសភាពដើមដោយគ្មានការអនុញ្ញាត។
បើតាមសេចក្តីជូនដំណឹងស្តីពីការកែច្នៃដំឡើងម៉ូដែលរថយន្តដោយគ្មានការអនុញ្ញាត ចុះថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្តដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជាប្រព័ន្ធចង្កួត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជួន គឺមិនអនុញ្ញាតឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើង។
នៅក្នុងសេចក្តីជូនដំណឹងដដែលក៏បានព្រមានទៅម្ចាស់យានដ្ឋានផងដែរ ដែលបើកអាជីវកម្មរបស់ខ្លួនភ្ជាប់ជាមួយសេវាកម្មកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលបង្កផលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើងពីក្រសួងសាធារណការ និងដឹកជញ្ជូន នោះនឹងទទួលរងការចាត់វិធានការបិទផ្អាកសកម្មភាពអាជីវកម្មតែម្តង។
សូមជម្រាបថា ការសម្រេចចាត់វិធានការទាំងនេះ បន្ទាប់ពីក្រសួងសង្កេតឃើញថា មានរថយន្តគ្រួសារមួយចំនួនបានដំឡើងកែច្នៃខុសលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងដែលបង្កឲ្យប៉ះពាល់ផ្នែកសុវត្ថិភាពរបស់យាន និងធ្វើឲ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ខណៈដែលសកម្មភាពទាំងនេះគឺផ្ទុយទៅនឹងមាត្រា៩ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្តថែមទៀតផង៕