CPC : លោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុន ម៉ាកាស់ លែន ទទួលជួបជាមួយពាណិជ្ជករម៉ាឡេស៊ី ពិភាក្សាលើការនាំចេញផលិតផលកសិកម្មខ្មែរ

60

ភ្នំពេញ៖លោកសារី អ៊ីសា អគ្គនាយក ក្រុមហ៊ុនម៉ាកាស់ លែន បានទទួលជួបជាមួយពាណិជ្ជករម៉ាឡេស៊ី ដើម្បីពិភាក្សាការវិនិយោគលើការដាំដុះ និងការនាំចេញផលិតផលកសិកម្មខ្មែរដូចជា ចេកអំបូងលឿង  ផ្លែខ្នុរ  ផ្កាឈូករ័ត្ន និង អង្ករជាដើម ។

កិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់ការដាំដុះ និងការនាំចេញផលិតផលកសិកម្មខ្មែរនេះ បានធ្វើឡើងរវាងលោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន និងលោក Dato abu ubaidah វិនិយោគិន និងពាណិជ្ជករម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនម៉ាកាស់ លែន នៅផ្ទះវីឡាលេខ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន បានធ្វើការបកស្រាយ និង ពន្យល់ទាក់ទងទៅនឹងការវិនិយោគវិស័យកសិកម្មនៅកម្ពុជា ដោយផ្អែកកតាមបទពិសោធន៍ដែលបានធ្វើកន្លងមកទាំងការដាំដុះ និងការនាំចេញ ពីព្រោះប្រទេសកម្ពុជាជាប្រទេសមានអំណោយផលល្អទាំងបរិយាកាស សំណើម និងស្ថានភាពដី ដែលធ្វើឲ្យអំណោយផលដល់ការធ្វើកសិកម្មជាខ្លាំង។

លោកសារី បានបន្តថា ក្រៅពីនេះផលិតផលកសិកម្មដូចជាខ្នុរ ចេក ផ្កាឈូករ័ត្ននេះគឺវិនិយោគចំណេញបានលឿន ពីព្រោះការដាំដុះទទួលផលចំណាយពេលខ្លី ខណៈដែលស្តង់ដាថែទាំគឺមិនពិបាកខ្លាំងឡើយ។

ជាការឆ្លើយតប លោក ឧកញ៉ា  Dato abu ubaidah វិនិយោគិន និងពាណិជ្ជករ ម៉ាឡេស៊ី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន ហើយលោក ឧកញ៉ា  Dato abu ubaidah គ្រោងសិក្សាលើការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាក្នុងទំហំផ្ទៃដី ១២,០០០ហិកតា សម្រាប់ដាំចេកអំបូងលឿង  ខ្នុរ  ផ្កា ឈូក រត្ន និងការនាំចេញអង្ករ  ពោតលឿង  ប្រេងផ្កាឈូករត្ន  ដើម្បីនាំចេញទៅប្រទេសម៉ាឡេស៊ី  និង  តួរគីផងដែរ ។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅដោយភាពស្និតស្មាល ប្រកបដោយកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីលើកស្ទួយវិស័យកសិកម្មដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ហើយបន្តមកទៀតលោកទាំងពីរ បានចុះសួរសុខទុក្ខ និងធ្វើមនុស្សធម៌ដល់បងប្អូនដែលរងគ្រោះដោយអគ្គិភ័យឆេះអស់ផ្ទះសម្បែងទាំង ១៨ខ្នងកាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២២នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញផងដែរ ៕