កម្ពុជា ពិភាក្សាជាមួយវៀតណាមលើការរក្សាខ្សែច្រវ៉ាក់ឧស្សាហកម្ម ក្រោយវៀតណាមសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប

4

ហូជីមិញ៖ក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំប្រតិភូទៅចូលរួមជជែកពិភាក្សាជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដើម្បីរិះរកមធ្យោបាយរួមគ្នាក្នុងការរក្សាឱ្យបាន នូវការតភ្ជាប់នៃខ្សែច្រវ៉ាក់រវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខា និងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម។

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅទីក្រុងហូជីមិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រវាងឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ត្រឹង វឹកខាន់ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងថា ភាគីទាំងពីរបានយល់ស្របគ្នា ក្នុងការរក្សាឱ្យបាននូវនិរន្តរភាពនៃខ្សែច្រវ៉ាក់តម្លៃរវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា គឺជាកិច្ចការដ៏ចាំបាច់និងសំខាន់បំផុត ដើម្បីរក្សាបាននូវវិនិយោគផលិតកង់នៅកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអង់គ្លេស ដែលមានការនាំចូលគ្រឿងបន្លាស់មួយចំនួនដែលផលិតនៅវៀតណាមមករួមបញ្ចូលក្នុងផលិតកម្មនៅកម្ពុជាផងដែរ។

លោកបន្តថាការរួមគ្នាបន្តខ្សែច្រវ៉ាក់តម្លៃនេះ នឹងផ្តល់ផលចំណេញដល់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំងពីរ និងជំរុញឱ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់អាស៊ាន៕