កូនភ្លោះក្បាលជាប់គ្នា ត្រូវបានវះកាត់បំបែកចេញពីគ្នាដោយជោគជ័យ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត

112

រីយ៉ាដ៖កូនភ្លោះក្បាលជាប់គ្នាជនជាតិយ៉េម៉ែន ត្រូវបានវះកាត់បំបែកចេញពីគ្នាដោយជោគជ័យដោយចំណាយពេល ១៥ម៉ោងក្នុងប្រតិបត្តិការវះកាត់នេះ ដោយមានក្រុមគ្រួពេទ្យឯកទេសចំនួន ២៤នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ម៉ូកតាសីម អាសហ្សាក់ពី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ នៅទីក្រុងរីយ៉ាដ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ព្រះបាទ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត ។

ចំពោះប្រតិបត្តិការនៃការវះកាត់កូនភ្លោះក្បាលជាប់គ្នាជនជាតិយ៉េម៉ែន ឈ្មោះ យូសុះ និង យ៉ាស៊ីន ដែលជាកូនរបស់លោក មហាំម៉ាត់ អាប់ឌុលរ៉សម៉ាន នេះ ដែរ លោកវេជ្ជបណ្ឌិត ម៉ូកតាសីម អាសហ្សាក់ពី អោយដឹងថា គឺ អនុវត្តនៃការវះកាត់ជាបួនដំណាក់កាល ដោយដំណាក់កាលទី១ ត្រូវចាក់ថ្នាំសន្លប់ ដំណាក់កាលទី២ រៀបចំផែនការរុករកចំណុចវះកាត់ ដំណាក់កាលទី៣ បំបែកលលាដ៍ក្បាល និងខួរក្បាល និងដំណាក់កាលទី៤ គឺ ការបិទលលាដ៍ក្បាល ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌អារ៉ាប់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ នេះ ។

ក្រុមគ្រួពេទ្យឯកទេស បញ្ជាក់ថា ប្រតិបត្តិនៃការវះកាត់នេះ គឺមានស្ថានភាពស្មុគស្មាញខ្លាំងណាស់ ដោយកុមារា យ៉ាស៊ីន មានការហូរឈាម ស្អិតជាប់ ដែលត្រូវដោះស្រាយដោយក្រុមគ្រូពេទ្យ ខណៈស្ថានភាពមានភាពធ្ងន់ធ្ងរ ទោះបីកុមារាទាំងពីរ ទទួលបានការវះកាត់ដោយជោគជ័យ ក៏ដោយ ។

ក្រោយការវះកាត់ដោយជោគជ័យ ឪពុកម្តាយ របស់កុមារា យូសុះ និង យ៉ាស៊ីន សំដែងនូវការថ្លែងអំណរគុណ និងដឹងគុណដល់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត ព្រះបាទ សាលម៉ាន និងព្រះរាជទាយាទរបស់ទ្រង់ ក៏ដូចជាក្រុមគ្រូពទ្យឯកទេស ចំពោះការវះកាត់នេះ ជាមួយនូវការផ្តល់យកចិត្តទុកដាក់ខ្ពស់ និងប្រទានអំណោយក្នុងរយៈពេលស្នាក់នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នេះផងដែរ ។

គួររម្លឹកថា ប្រតិបត្តិវះការកាត់កូនភ្លោះក្បាលជាប់គ្នារបស់ ជនជាតិយ៉េម៉ែន នេះ ជាលើកទី៥១ ហើយ នៃគម្រោងកម្មវិធីអារ៉ាប៊ីសាអ៊ូឌីតសម្រាប់កាត់វះកាត់បំបែកចេញពីគ្នា ដែលមានកូនភ្លោះក្បាលជាប់គ្នាចំនួន ១២២នាក់ មកពីប្រទេសចំនួន ២៣ នៅទ្វីបចំនួន ៣ផ្សេងគ្នា ។