ក្រុមហ៊ុន ម៉ាកាស់ លែន ទាក់ទាញបានវិនិយោគិនពីឌូបៃ ដើម្បីមកសហការគ្នាដាំដុះកសិកម្ម នាំចេញទៅប្រទេសចិន

38

ភ្នំពេញ៖បន្ទាប់ពីក្រុមហ៊ុនម៉ាកាស់ លែន បានចុះ MOU ជាមួយក្រុមហ៊ុនចិន Huajian International Investment ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងរួចមក ក្រុមហ៊ុនម៉ាកាស់ លែន បានបន្តបោះជំហានជាបន្តបន្ទាប់រហូត ទទួលបានដៃគូថ្មីមួយទៀតមកពីប្រទេសឌូបៃ ដើម្បីសហប្រតិបត្តិការដាំដុះផ្គត់ផ្គង់ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន

កិច្ចប្រជុំដ៏មានសារៈសំខាន់នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២នេះ រវាងវិនិយោគិនមកពីអារ៉ាប់ឌូបៃ តំណាងក្រុមហ៊ុនចិន Huajian International Investment និងថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនម៉ាកាស់ លែន គឺលោក សារី អ៊ីសា បានសម្រេចនូវកិច្ចសហប្រតិបត្តិការដ៏ធំមួយសម្រាប់ការដាំដុះកសិកម្មនៅកម្ពុជា រួមមាន ខ្នុរ ចេក ធូរ៉េ ផ្កាឈូករ័ត្ន សណ្តែកបាយ សណ្តែកដី ស្រូវសាលី និងអង្ករជាដើម ។

លោក សារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន បានមានប្រសាសន៍ថា បន្ទាប់ពីវិនិយោគិនឌូបៃបានទស្សនៈកិច្ចនូវសណ្ឋានដី បរិយាកាស និងស្ថានភាពទូទៅនៅកម្ពុជារួចមក លោកពិតជារីករាយ និងទទួលស្គាល់ថាកម្ពុជាពិតជាមានលក្ខណៈល្អស្រមស្របក្នុងការវិនិយោគលើការដាំដុះកសិកម្មពិតប្រាកដមែន

លោកអគ្គនាយកបានបន្តថា ខាងវិនិយោគិនឌូបៃជាអ្នកផ្តល់ទុនវិនិយោគ ក្រុមហ៊ុនម៉ាកាស់ លែន ជាភាគីប្រតិបត្តិការដាំដុះ ថែទាំ ហើយក្រុមហ៊ុនចិន Huajian ជាភាគីនាំចេញទៅកាន់ទីផ្សារចិន។

កិច្ចសហប្រតិបត្តិការនេះក៏បានផ្តល់ឱកាសដល់បងប្អូនប្រជាកសិករយើងផងដែរ ព្រោះថាតម្រូវការនាំចេញខ្ពស់ដូចជាសណ្តែកបាយត្រូវនាំចេញរហូតដល់ ១០០ពាន់តោននៅក្នុង ១ឆ្នាំ ជាហេតុក្រុមហ៊ុននឹងបង្កើតជាសហគមន៍ដាំដុះជាច្រើនទៀត ដែលតម្រូវតាមស្ថានភាពដីរបស់បងប្អូនប្រជាកសិករ ជាមួយនឹងប្រភេទដំណាំដាំដុះ ដើម្បីថែទាំបានងាយស្រួល និងទទួលបានផលល្អជាដើម។

បើតាមលោក សារី អ៊ីសា ក្រុមហ៊ុនម៉ាកាស់ លែន មានចក្ខុវិស័យខ្ពស់លើការលើកកម្ពស់វិស័យកសិកម្មតាមរយៈការដាំដុះដោយក្រុមហ៊ុនផ្ទាល់ ការទាក់ទាញវិនិយោគិនពីបរទេស ដើម្បីនាំទុនពីក្រៅចូលមកកម្ពុជា ក្នុងទម្រង់វិនិយោគ ហើយនាំផលិតផលកម្ពុជា ចេញទៅលក់នៅបរទេសក្រោមស្លាក Made in Cambodia ៕