CPC : មុខសញ្ញាចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចក្របួចបាន ជាមួយនឹងអាវុធខ្លី២ដើម

734

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចោរប្លន់យ៉ាងសកម្មនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញជាមួយអាវុធខ្លី ២ដើម និងគ្រាប់កាំភ្លើងរហូតដល់ ១៤គ្រាប់។

នៅក្នុងប្រតិបត្តិបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩៖៣០នាទី នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី បូរិទ្ធ ភេទប្រុស ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានប្រព្រឹត្តិអំពើល្មើសជាច្រើនដងដូចជា៖

លើកទី១៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០:៤៥នាទី នៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស សេរី២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់ តែមិនត្រូវ។

លើកទី២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជនសង្ស័យខាងលើបានភ្ជង់យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ផ្លាកលេខ១DH៤៥០២ និងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច។

លើកទី៣៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្លន់យកម៉ូតូម៉ាកបីត ពណ៌ក្រហម ផ្លាកលេខ១HZ០៥៣៣ ភ្ជុងប្លន់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕