វ៉ាស៊ីនតោន៖ អំពើហិង្សាតាមរយៈការវាយប្រហារដោយកាំភ្លើងកំពុងរាលដាលយ៉ាងគួរឲ្យព្រួយបារម្ភនៅសហរដ្ឋអាមេរិក ខណៈខ្មាំងកាំភ្លើងបានយកទីតាំងសាលារៀន ធ្វើជាមុខសញ្ញា។
បើតាមការចុះផ្សាយដោយ Reuters ចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះបានឲ្យដឹងថា កាលពីថ្ងៃអង្គា ខ្មាំងកាំភ្លើងបានធ្វើការបាញ់ប្រហារនៅសាលាបឋមសិក្សារដ្ឋតិចសាស់ សម្លាប់កុមារប្រមាណ ១៩នាក់ និងគ្រូបង្រៀន ២នាក់។
ពាក់ព័ន្ធនៃការគម្រាមកំហែង នៃហិង្សាដ៏សាហាវនេះ គឺនៅតាមសាលារៀននីមួយៗបានធ្វើការណែនាំ និងបង្រៀនសិស្សពីរបៀបការពារខ្លួនពីខ្មាំងកំភ្លើងយ៉ាងសកម្ម ដូចជារបៀបលាក់ខ្លួនក្នុងថ្នាក់រៀនដោយបិទភ្លើង និងទ្វាររនាំង។
ក្រៅពីនេះ នៅតាមសាលារៀនមួយចំនួន មិនត្រឹមតែចាក់សោទ្វារខាងមុខប៉ុណ្ណោះទេ ថែមទាំងទ្វារថ្នាក់រៀនផងដែរ ដើម្បីការពារការចូលវាយប្រហារពីខ្មាំងកាំភ្លើង។
បន្ថែមពីនេះ នៅតាមសាលាបានតម្លើងបង្អួច និងទ្វារការពារគ្រាប់កាំភ្លើង សោពិសេស ឧបករណ៍រាវរកដែក ហើយបានធ្វើការបណ្តុះបណ្តាលគ្រូៗឲ្យចេះកាន់កាំភ្លើងផងដែរ។
គួររម្លឹកថា ហិង្សាកាំភ្លើងនៅតាមសាលាបានកើតឡើងប្រមាណ ១៣៧ករណី ខណៈឆ្នាំមុនមានករណីហិង្សារហូតដល់ ២៤៩ករណី៕
