មន្ទីរសាធារណការរាជធានីភ្នំពេញចាត់ឲ្យជំនាញបន្តចុះជួសជុល ជង្ហុកសំបុកមាន់ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម

37

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ជាប្រចាំពីបញ្ហា ការខូចខាតផ្លូវ ជង្ហុកសំបុកមាន់ ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ សាធារណៈ នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើកសោរភ័ណ្ឌទីក្រុងភ្នំពេញទាំងមូលផងដែរ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបន្តចុះជួសជុលផ្លូវមានលក្ខណៈខូចបន្តិចបន្តួច ជាជង្ហុកសំបុកមាន់ តាមបណ្ដោយមហាវិថីកម្ពុជាក្រោយ កែងជាមួយផ្លូវលេខ២៥៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ផងដែរ កន្លងមកតាមបណ្ដោយមហាវិថីកម្ពុជាក្រោម នៅចំណុចកែងផ្លូវលេខ២៥៣ ខាងលិចសាលាវិទ្យាល័យសន្ធុម៉ុក មានការខូចខាតជង្ហុកធ្វើឲ្យបងប្អូនពលរដ្ឋធ្វើដំណើរ លំបាកក្នុងការធ្វើដំណើរ ជាពិសេសពេលមានភ្លៀងធ្លាក់ ធ្វើឲ្យមានដក់ទឹក អ្នកធ្វើដំណើរដោយមធ្យោបាយម៉ូតូ ពេលខ្លះធ្លាក់ចូលជង្ហុក ខ្ទាតទឹកប្រលាក់ក៏មានផងដែរ៕