ប្រសើរណាស់ ! ក្រុមហ៊ុនដឹកជញ្ជូនថៃគ្រប់គ្រងដោយរដ្ឋគ្រោងនឹងមានរថយន្តក្រុង ពីបាងកក មកកម្ពុជា

131

ថៃ៖ក្រុមហ៊ុនដឹកជញ្ជូនមួយរបស់ថៃគ្រប់គ្រងដោយរដ្ឋគ្រោងនឹងមានរថយន្តក្រុងរត់លើផ្លូវ ២ខ្សែមកកម្ពុជា ខណៈក្រុមហ៊ុនដឹកជញ្ជូននេះ ក៏ត្រៀមនឹងចាប់ផ្តើមមានរថយន្តក្រុងចំនួន ១០ខ្សែពីប្រទេសថៃ ទៅកាន់ប្រទេសឡាវ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Nation​ Thailand កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ ។

លោក Sanyalux Panwattanalikit ប្រធានក្រុមហ៊ុនដឹកជញ្ជូន អោយដឹងថា ផ្លូវរត់ថ្មីចំនួន ៩ទៀតនឹងត្រូវបន្ថែមទៅផ្លូវមុដាហាន-សុវណ្ណាខេត ជាលើកដំបូង តភ្ជាប់ពីប្រទេសថៃទៅកាន់ប្រទេសឡាវ ខណៈផ្លូវនេះគ្រោងនឹងបើកដំណើរការចាប់ពីថ្ងៃទី១៥ ខែមិថុនា  ហើយសម្រាប់សំបុត្រនឹងមានលក់នៅគ្រប់ស្តង់ Transport Co នៅទូទាំងប្រទេស ។ ផ្លូវទាំង ៩ខ្សែនោះ រួមមាន ណងខៃ-វៀងច័ន្ទ, ឧដុង្គ-វៀងចន្ទន៍, ខនកែន-វៀងច័ន្ទ, បាងកក-វៀងច័ន្ទ, នគរភ្នំ-ថាក់កុក, ឈៀងរ៉ៃ-បរកែវ, លាវ-ហ្លួងព្រះបាង ជាដើម ។

ជាមួយគ្នានេះដែរ ផ្លូវរថយន្តក្រុងចំនួន ៣ខ្សែផ្សេងទៀត ទៅកាន់ប្រទេសឡាវ ពីឈៀងម៉ៃ ទៅលួងព្រះបាង ពីបាងកក ទៅប៉ាក់សេ និងពីណាន់ ទៅលួងព្រះបាង និងរថយន្តក្រុង ២ខ្សែទៀតមកកម្ពុជា គឺ ផ្លូវទី១ ពីបាងកក ទៅអារញ្ញប្រាថេត ទៅប៉ោយប៉ែត ទៅសៀមរាប និងផ្លូវទី២ ពីបាងកក ទៅអារញ្ញប្រាថេត ទៅប៉ោយប៉ែត ទៅភ្នំពេញ ប៉ុន្តែផ្លូវទាំងនេះ ខាងក្រុមហ៊ុនមិនទាន់បញ្ជាក់អំពីការបើកដំណើរការនោះ ទេ

លោក Sanyalux Panwattanalikit ប្រធានក្រុមហ៊ុនដឹកជញ្ជូន បន្ដែមថា បច្ចុប្បន្ន ក្រុមហ៊ុននេះបើកដំណើរការរថយន្តក្រុង នៅលើផ្លូវចំនួន ១៤ខ្សែនៅភាគខាងជើង និង២៤ខ្សែនៅភាគឦសាន និងខាងកើត ហើយ ១៣ខ្សែទៀតនៅភាគខាងត្បូងប្រទេសថៃ ។

សូមជម្រាបថា សម្រាប់អ្នកមានកាតសមាជិកចំពោះផ្លូវក្នុងស្រុក នឹងទទួលការបញ្ចុះតម្លៃ ៥% ក្នុងនោះចំពោះសិស្ស និងមន្ត្រីក្រសួងដឹកជញ្ជូនមានការបញ្ចុះតម្លៃ ១០% ខណៈក្រុមហ៊ុននឹងផ្តល់ការបញ្ចុះតម្លៃដល់ប្រជាពលរដ្ឋ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ផងដែរ ៕