ប្រជាជនថៃស្លាប់ប្រមាណជាង ៦ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារការស្រូបផ្សែងបារី ពីអ្នកដទៃ

19

ថៃ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហៅកាត់ថា NESDC របស់ប្រទេសថៃ បង្ហាញអោយដឹងថា យ៉ាងហោចណាស់មានប្រជាជនថៃប្រហែល ៦,០០០នាក់បានស្លាប់ក្នុងមួយៗឆ្នាំ ដោយសារឥទ្ធិពលនៃការស្រូបយកផ្សែងបារីពីអ្នកដទៃ ខណៈការលើកឡើងនេះ ក៏មានការស្ទង់មតិពីអង្គការសហប្រជាជាតិ, អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខភាពសាធារណៈ កាលពីឆ្នាំមុន គឺរកឃើញថា ប្រជាជនថៃប្រហែល ៦,០០០ នាក់ត្រូវបានស្លាប់ជារៀងរាល់ឆ្នាំ ដោយការដកដង្ហើមតាមផ្សែងថ្នាំជក់ពីអ្នកដទៃ ។

យោងតាមការចុះផ្សាយនៅលើគេហទំព័រ Nation Thailand នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បញ្ជាក់ថា ២៣.៧ភាគរយនៃអ្នកជក់បារីនៅក្នុងប្រទេសថៃ គឺនៅក្នុងផ្ទះ ដែលអាចធ្វើអោយសមាជិកគ្រួសារផ្សេងទៀតទទួលស្រូបយកផ្សែងបារីពីសមាជិកគ្រួសារនោះ ។ ទន្ទឹមនឹងនេះ ផងដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក៏បានដកស្រង់តួលេខពីការិយាល័យស្ថិតិជាតិនៃប្រទេសថៃ ដោយបង្ហាញអោយដឹងថា ក្នុងចំណោមអ្នកជក់បារីក្នុងគ្រួសារមាន ៦៧.៥៣ភាគរយ នៅក្នុងផ្ទះជារៀងរាល់ថ្ងៃ ។

ការចុះផ្សាយដដែលអោយដឹងថា ភ្នាក់ងារសុខភាពពិភពលោក ចង្អុលបង្ហាញថា ផ្សែងបារីមានផ្ទុកជាតិពុលជាង ៤,០០០ បង្កគ្រោះថ្នាក់ដល់សមាជិកគ្រួសារ និងសង្គម ហើយជាតិពុលប្រហែល ៥០ផ្សេងទៀត អាចបង្កឱ្យមានជំងឺមហារីក ខណៈ ឆ្នាំនេះ អង្គការសុខភាពពិភពលោកកំពុងធ្វើយុទ្ធនាការ គ្មានផ្សែងជក់បារី ភ្ជាប់ជាមួយពាក្យស្លោកថា «ថ្នាំជក់ គំរាមកំហែងដល់បរិស្ថានរបស់យើង» ។

គួររម្លឹកថា អង្គការសុខភាពពិភពលោក WHO អោយដឹងថា ផ្សែងបារីបានសម្លាប់មនុស្សប្រហែល ១.២លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ក្នុងនោះកុមារប្រហែល ៦៥,០០០នាក់ ក៏បានស្លាប់ដោយការទទួលស្រូបយកផ្សែងបារីពីអ្នកដទៃ នេះ ផងដែរ ៕