រថយន្តក្រឡុកស៊ីម៉ងត៍ បើកលឿនបត់មិនប្រយ័ត្ន បណ្តាលឲ្យក្រឡាប់នៅកណ្តាលផ្លូវ

94

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលមកពីរថយន្តក្រឡុកស៊ីម៉ងត៍បើកបរក្នុងល្បឿនលឿន លុះមកដល់ផ្លូវបត់មិនប្រយ័ត្ន ក៏បានក្រឡាប់រថយន្ត ហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២៖២០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង កែងផ្លូវលេខ ២០១១ ខាងលិចផ្សារបឹងបៃតង មូលដ្ឋានសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាកស្ដាររិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-6005 ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ភ្លាមៗនោះមានរថយន្តធុនធំប្រភេទក្រឡុកស៊ីម៉ងត៍ បើកបរស្របទិសគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏បានក្រឡាប់ផ្ងាជើង ជ្រុលទៅបុករថយន្តស្តារិច ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឬ ខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឡើយ។

ក្រោយពេលកើតឃើញមានសមត្ថកិច្ចជំនាញចរាចរណ៍ចុះដល់ទីតាំងកើតហេតុធ្វើការវាស់វែង និងមានទាក់ទងទៅរថយន្តស្ទួចចំនួន២គ្រឿង ដើម្បីស្ទួចរថយន្តក្រឡុកស៊ីម៉ងត៍ ឡើងវិញ ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធីច្បាប់៕