សៀមរាប៖ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អង្គរជុំ ខេត្តសៀមរាបបានដាក់សំណើរដើម្បីសុំចុះប្រមូលឱសថ និងថ្នាំផ្សំផ្សេងៗ ដែលកំពុងដាក់លក់ខុសច្បាប់តាមតូបលក់ចាបហួយ និងក្នុងផ្សារស្រុកពួក។
យោងលិខិតរបស់ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិអង្គរជុំ ផ្ញើជូនអភិបាលស្រុកពួក នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ បានស្នើសុំចុះប្រមូលឱសថ និងថ្នាំផ្សំផ្សេងៗដែលដាក់លក់ខុសច្បាប់ ដើម្បីយកមកកម្ទេចចោល។
នៅក្នុងលិខិតដដែលនេះ បានបញ្ជាក់ថា ដោយសារមានការលក់ដូរឱសថនិងថ្នាំផ្សំយ៉ាងអនាធិបតេយ្យនៅតាមតូបលក់ក្នុងភូមិ និងតាមផ្សារនានាក្នុងតំបន់គ្របដណ្តប់នៃការិយាល័យសុខាភិបាលប្រតិបត្តិអង្គរជុំ ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ធ ព្រោះថាឱសថ និងថ្នាំផ្សំទាំងនេះអាចហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងប្រើប្រាស់មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជាជាដើម។
អាស្រ័យដូចនេះបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព នឹងធ្វើការសហការជាមួយមន្ត្រីនគរបាលប៉ុស្តិ៍ ចុះអប់រំសុខភាព និងប្រមូលឱសថនិងថ្នាំផ្សំទាំងអស់យកមកកំទេចចោល នៅការិយាល័យសុខាភិបាលប្រតិបត្តិអង្គរជុំផងដែរ៕