គ.ជ.ប បំភ្លឺជុំវិញករណីបុគ្គលដែលមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត

51

ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីបំភ្លឺជុំវិញជនដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត។

សេចក្តីបំភ្លឺនេះធ្វើឡើងបន្ទាប់ពីគណៈបក្សភ្លើងទៀតបានធ្វើការលើកឡើងជុំវិញបញ្ហា គ.ជ.ប បណ្តេញពលរដ្ឋចេញមិនអនុញ្ញាតឲ្យតាមដានការរាប់សន្លឹកឆ្នោតក្រោយបញ្ចប់ការបោះឆ្នោតកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសេចក្តីបំភ្លឺរបស់គ.ជ.ប បានឲ្យដឹងថា យោងតាមមាត្រា ៣០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ ៤.៥.៦ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ចែងថា “ហាមជនគ្រប់រូបចូលកក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្តើមរាប់សន្លឹកឆ្នោត ឬក្រោយការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”

ជនទាំងឡាយណា ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុង មានដូចខាងក្រោម៖

  • មន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការចាត់តាំងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញាត និងអ្នកអង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ ផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះនៅពេលដែលប្រធានគណៈកម្មការិយាល័យរាប់សន្លឹកឆ្នោតធ្វើការសំណូមពរក្នុងករណីចាំបាច់។

នៅក្នុងសេចក្តីបំភ្លឺដដែល គ.ជ.ប បានបន្ថែមថា តាមគោលការណ៍នៃច្បាប់ស្តីពីការបោះឆ្នោត គ.ជ.ប បើកសិទ្ធឲ្យគណបក្សនយោបាយប្តឹងជុំវិញភាពមិនប្រក្រតីណាមួយ ដែលខ្លួនបានអង្កេតឃើញនៅថ្ងៃបោះឆ្នោត ហើយគ.ជ.ប នឹងរងចាំទទួលដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោត ឬភាពមិនប្រក្រតីណាមួយ ដែលកើតឡើងនៅថ្ងៃបោះឆ្នោត ស្របតាមបច្បាប់ ​និងប្រកាន់នូវគោលការណ៍យុត្តិធម៍ជានិច្ច ដូចមានចែងក្នុងបាវចនារបស់គ.ជ.ប។

គួរម្លឹកក្រោយពីការបោះឆ្នោតបានមួយថ្ងៃ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍សោកស្តាយចំពោះលទ្ធផលនៃការបោះឆ្នោត ហើយការសោកស្តាយនេះត្រូវបានគណបក្សភ្លើងទៀនបញ្ជាក់ថា មិនឆ្លុះបញ្ជាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឡើយ ហើយបានចាត់ទុកថា ការបោះឆ្នោតឃុំសង្កាត់នេះ មិនសេរី និងមិនយុត្តិធម៌ឡើយ។

ទោះបីយ៉ាងណា គ.ជ.ប បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តរក្សាភាពស្ងប់ស្ងាត់ និងរងចាំ គ.ជ.ប ធ្វើការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅពេលខាងមុខជាបន្តទៀត រហូតដល់ក្រុមប្រឹក្សាឃុំសង្កាត់ថ្មីចូលកាន់តំណែង ដើម្បីអភិវឌ្ឍន៍ឃុំ សង្កាត់ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕