ត្រឹមរយៈពេល ៥ខែ កម្ពុជានាំអង្ករចេញទៅប្រទេសចិនជិត ១៥ម៉ឺនតោន កើនឡើងជាង ២៣ភាគរយ

38

ភ្នំពេញ៖ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៤៩ ៤៤៧ តោន ឬស្មើនឹង ៥២.៦៨% ដែលមាន កំណើនចំនួន ២៣.៦៨% បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗ នេះ ។

គួរម្លឹកថា ដើមខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនម៉ាកាស់ លែន បានធ្វើការនាំអង្ករចេញទៅប្រទេសចិនជាលើទី១ប្រមាណ ២៤០តោនផងដែរ ក្រោមម៉ាកសញ្ញាឡូហ្គោរបស់ក្រុមហ៊ុនម៉ាកាស់ លែន ហើយក្រុមហ៊ុនម៉ាកាស់ លែន បានបន្តចុះកិច្ចព្រមព្រៀងជាបន្តបន្ទាប់ដើម្បីអាចនាំអង្ករចេញបាន ៥ពាន់តោននៅក្នុង ១ខែផងដែរ ។

បើតាមលោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បាននិយាយថា ដោយសារអង្ករកម្ពុជាមានគុណភាពល្អ រដ្ឋាភិបាលចិនបានបង្ហាញឆន្ទៈក្នុងការទិញអង្ករកម្ពុជាកាន់តែច្រើន បើទោះបីតម្លៃ និងថ្លៃដឹកជញ្ជូនរបស់យើងខ្ពស់ជាងអង្ករពីប្រទេសដទៃបន្តិចក៏ដោយ។

លោកបន្តថា ប្រទេសទាំងពីររំពឹងនឹងធ្វើការនាំចេញអង្ករឲ្យបានកាន់តែច្រើមបន្ថែមទៀត ហើយវឌ្ឍនភាពនេះ កើតចេញពីសុច្ឆន្ទៈពិតប្រាកដ នៃប្រទេសទាំងពីរលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ជាពិសេសការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

សូមជម្រាបថា ក្រៅពីប្រទេសចិន កម្ពុជាក៏បាននាំអង្ករចេញទៅបណ្តាប្រទេសផ្សេងទៀតផងដែរ ខណៈទិន្នន័យបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២នេះ ដូចជានៅក្នុងប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើន ចំនួន ៤៩.២៦% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៥ ៦៩១ តោន ឬស្មើនឹង ៩.០៦% ដែលមានកំណើនចំនួន ១៧.៥៩% និងការនាំ ចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេសបានចំនួន ២០ ៣៧៦ តោន ឬស្មើនឹង ៧.២០%៕