ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ សូ សំឡូត ហៅឆាយ ល្បីខាងបើកទីតាំងល្បែងស៊ីសងចល័ត បានបន្តសកម្មភាពលួចលាក់ បើកទីតាំងល្បែងស៊ីសងមួយកន្លែងនៅក្នុងអាគារយីហោ «ថកសិនធ័រ៍» ជាន់ទី២ បន្ទប់លេខ២០៧ យ៉ាងគគ្រឹកគគ្រេង។
ទីតាំងបើកល្បែងស៊ីសងថ្មីរបស់លោក សូ សំឡូត ស្ថិតនៅក្នុងអគារ «ថកសិនធ័រ៍» មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងរបស់លោក សូ សំឡូតនេះ មានល្បែងស៊ីសងខុសច្បាប់ចម្រុះ ដោយប្រមូលផ្តុំអ្នកញៀនល្បែងជាច្រើនក្នុងអាគារ«ថកសិនធ័រ៍» ជាន់ទី២ ហើយភ្នាល់ដាក់លុយធំៗណាស់ ការណ៍នេះធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសារពួកគាត់ និងសន្តិសុខសង្គមជាខ្លាំង។
គួរម្លឹកថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ទីតាំងល្បែងស៊ីសងរបស់លោក សូ សំឡូត ហៅឆាយ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបានម្តងរួចមកហើយ ដែលស្ថិតនៅលើផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង និងក្រុមគ្រួសារដែលរងផលប៉ះពាល់ពីល្បែងខុសច្បាប់ទាំងនេះ បានសំណូមពរដល់ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន គួរមានវិធានការបង្ក្រាបឲ្យទាន់ពេលវេលាផងដែរ ដើម្បីរក្សាគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃផងដែរ៕