រថយន្ត ២ប្រភេទ ដែលនឹងត្រូវបង្រ្កាបយ៉ាងម៉ឺងម៉ាត់ អាចត្រឹមបង់ប្រាក់ពិន័យ ឬកម្ទេចចោល

73

ភ្នំពេញ៖ រថយន្តចំនួន ២ប្រភេទ នឹងត្រូវទទួលរងការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីទុកឱសានវាទត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ គឺរថយន្តដែលគ្មានពន្ធមានស្រាប់ក្នុងប្រទេស និងរថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល។

នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការបង់ពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស។

នៅក្នុងសេចក្តីជូនដំណឹងនេះបានរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វ​កិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ ចំពោះរថយន្តចង្កួរស្តាំឲ្យបានទាន់ថ្ងៃ ឱសានវាទនេះ។

បើមិនដូច្នេះទេ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅអគ្គនាយកដ្ឋានពន្ធគយ នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះរថយន្តចង្កូតឆ្វេងដែលបង្ក្រាបបាន ដោយតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមបបញ្ញត្តិជាធរមាន ហើយចំណែកឯរថយន្តចង្កូតស្ដាំដែលជាទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនីតិវិធីជាធរមាន៕