គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នាំយកសម្លៀកបំពាក់ប្រើប្រាស់ពន្លត់អគ្គិភ័យជូនការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ

49

ភ្នំពេញ៖លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចាត់តាំងលោក  ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខានាំយកសម្លៀកបំពាក់សម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យចំនួន ៣០សម្រាប់ ប្រគល់ជូនដល់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដែលស្ថិតផ្លូវបេតុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

សម្លៀកបំពាក់សម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យចំនួន ៣០សម្រាប់ នេះ រួមមាន មួក ស្បែកជើង ផលិតនៅប្រទេសជប៉ុន ដែលមានលក្ខណៈងាយស្រួលស្លៀកពាក់ មិនហប់ និងអាចការពារកងកម្លាំងសមត្ថកិច្ច ក្នុងពេលប្រតិបត្តិការពន្លត់អគ្គិភ័យប្រកបដោយសុវត្ថិភាព ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានគិតគូរពីសុវត្ថិភាពកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ដោយផ្តល់ជាសំលៀកបំពាក់ មួក ស្បែកជើង ដល់អង្គភាពរបស់លោក សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះ  និងពន្លត់អគ្គិភ័យ នេះ ។

ទន្ទឹងនឹងនេះ ដែរ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងកោតសរសើរដល់បងប្អូនកងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់កម្លាំងកាយចិត្ត  ដោយមិនគិតពីអាយុជីវិត ពេលវេលា ការនឿយហត់ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា និងមិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលជាលក្ខណៈទ្រង់ទ្រាយធំ ។

ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ថ្វីត្បិតតែយើងមានបងប្អូនកងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅចាំជួយសង្គ្រោះក៏ពិតមែន តែជាចំបងបំផុត សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នបង្ការដោយខ្លួនឯង ដោយកុំធ្វេសប្រហែសអំពីភ្លើងទាន ធូប ចង្ក្រាន ហ្គាស ការតបណ្តាញអគ្គិភ័យប្រើប្រាស់ និងវត្ថុផ្សេងៗដែលងាយឆាបឆេះ ដើម្បីចៀសវាងពីគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ៕