នគរបាលច្រកទ្វារអន្តរជាតិដូង ប្រើហិង្សាលើនគរបាលម្នាក់ទៀតបណ្តាលឲ្យបែកក្បាល ក្នុងជម្លោះពាក្យសម្តី រឿងបំពេញការងារមិនពាក់ឯកសណ្ឋាន

216

បាត់ដំបង៖ ករណីហិង្សា រវាងនគរបាលច្រកទ្វារអន្តរជាតិដូង ២រូប បង្កឡើងដោយសារជម្លោះពាក្យសំដីក្នុងពេលបំពេញការងារនៅតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ របស់លោកវរ:សេនីយ៍ត្រី ហែម វិបូឡា នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង បានដាក់ពាក្យបណ្តឹងប្តឹងលោក វរ:សេនីយ៍ទោ ហេង គឹមស៊ាង នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង ពាក់ព័ន្ធទៅនឹងករណីប្រើអំពើហិង្សា នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ ព្រឹក នៅទីតាំងប៉ុស្តិ៍យាមទ្រកទ្វារអន្តរជាតិដូងតែម្តង។

បើតាម លោក វរ:សេនីយ៍ត្រី ហែម វិបូឡា បានថ្លែងប្រាប់ CPC News នៅថ្ងៃ១៨ ខែមិថុនា នេះថា មុនកើតហេតុថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី លោក ហែម វិបូឡា បានយាមនៅច្រកទ្វារអន្តរជាតិដូង លុះដល់ម៉ោង ២០:០០នាទី ឈ្មោះ ហេង គឹមស៊ាង ត្រូវមកប្តូរវេនយាមបន្តពីលោក ដោយឃើញឈ្មោះ ហេង គឹមស៊ាង មិនពាក់ឯកសណ្ឋាន លោក ហែម វិបូឡា ក៏បាននិយាយថា ធ្វើជានគរបាល ប៉ុន្តែមកបំពេញការងារ បែរជាមិនពាក់ឯកសណ្ឋាន។

លោក វរ:សេនីយ៍ត្រី ហែម វិបូឡា បន្តថា លុះព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦:៣០ នាទី រូបលោកកំពុងយាមនៅច្រកទ្វាអន្តរជាតិដូង ស្រាប់តែឃើញ លោក វរ:សេនីយ៍ទោ ហេង គឹមស៊ាង ដើរសំដៅមករករូបលោក ហើយយកដំបងមកវាយលើរូបលោក បណ្តាលឲ្យបែកក្បាលអស់ ២ថ្នេរ និងចំចង្កាបណ្តាលឲ្យរងរបួសស្រោចឈាមពេញអាវ។

លោកវរ:សេនីយ៍ត្រី ហែម វិបូឡា សំណូមពរឲ្យមានការចាត់វិធានការលើលោក វរ:សេនីយ៍ទោ ហេង គឹមស៊ាងតាមនីតិវិធីច្បាប់។

ជុំវិញការប្តឹងចោទប្រកាន់នេះ CPC News ពុំមានលេខទំនាក់ទំនងសុំការឆ្លើយតបពី លោក វរ:សេនីយ៍ទោ ហេង គឹមស៊ាង បាននៅឡើយទេ។ យ៉ាងណាមិញ CPC news ស្វាគមន៍ការឆ្លើយតបពីគ្រប់ភាគីពាក់ព័ន្ធ៕