ភ្នំពេញ៖បុរសជនជាតិបរទេសម្នាក់បើក រថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី ១០៖៤០ នាទីយប់ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវទំនប់៧០ នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យ CPC News ដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-6080 បើកដោយបុរសម្នាក់ ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវ ទំនប់៧០ ក្នុងទិសដៅពីកើតទៅលិច។
លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បម្រុងនឹងបត់ទៅតាមបណ្ដោយផ្លូវ ១១៥ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-5871 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងទិសដៅស្របគ្នា ក្នុងស្ថានភាពល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្ន ក៏បានបុក រថយន្តម៉ាក Rang Rover ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតចំផ្នែកខាងក្រោយ ជំហៀងខាងឆ្វេងយ៉ាងដំណំ ។ ចំណែកឯរថយន្ត FordRanger វិញទទួលរងការខូច ខាតចំផ្នែកខាងមុខ ជំហៀងខាងស្តាំខ្ទិចទាំងស្រុង ។
បន្ទាប់ពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះ ទៅធ្វើការត្រួតពិនិត្យ បន្ថែមទៀតនៃករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងបានយករថយន្តភាគីទាំងសងខាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕