ឆ្លងចូលសហគមន៍ទៀតហើយ! បងប្អូនអញ្ចើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ដូសជំរុញនៅទីតាំងទាំងនេះ

12

ភ្នំពេញ៖ ការពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញសារពិសេសបន្ទាន់ ដើម្បីជម្រាបជូនដល់បងប្អូនជនរួមជាតិស្តីពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មី បន្ទាប់ពីកម្ពុជារកឃើញ សូន្យករណី នៃអ្នកឆ្លងជំងឺនេះអស់រយៈពេល ៥២ថ្ងៃ។

នៅក្នុងសារពិសេស និងបន្ទាន់របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ដែលពុំទាន់ទៅទទួលវ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះទិន្នន័យបានរកឃើញថាអ្នកចាក់វ៉ាក់សាំងដូសទី២បានត្រឹមតែប្រមាណ ៩លាននាក់ ខណៈពលរដ្ឋរដ្ឋយើងមានដល់ទៅប្រមាណ ១៥លាននាក់។

ដូចនេះសម្រាប់បងប្អូនដែលបានចាក់វ៉ាក់សាំងបានដូសមូលដ្ឋានរួចហើយ អាចទៅចាក់វ៉ាក់សាំងដូសជំរុញទី ៣ ទី៤ និងទី៥ នៅមន្ទីពេទ្យជាតិទាំង ៦ដែលមានដូចជាមន្ទីពេទ្យកាល់ម៉ែត មន្ទីពេទ្យព្រះអង្គឌួង មន្ទីពេទ្យកុមារជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីពរទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីពេទ្យគន្ធបុប្ផា ដែលធ្លាប់ផ្តល់ការចាក់វ៉ាក់សាំងកន្លងមក។

ក្រៅពីនេះបងប្អូនក៏អាចចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនានា ព្រមទាំងទីតាំងចល័ត ដែលរៀបចំដោយរដ្ឋបាលរាជធានីខេត្តទាំង២៥ ផងដែរ។

សូមចងចាំថា ការចាក់វ៉ាក់សាំងពុំមែនត្រឹមតែជាការបង្ការ និងការពារការឆ្លងឈឺធ្ងន់សម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាការទទួលខុសត្រូវរួមនៅក្នុងសហគមន៍យើងទាំងអស់គ្នាផងដែរ៕