បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ករណីបៀតបៀនកេរ្តិ៍ភេទ

68

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួនបុរសម្នាក់ តាមដីការ បង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណី ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រើប្រាស់ឬទាក់ទងនឹងចារី និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

ជាក់ស្ដែងនៅវេលាម៉ោង ១១ ថ្ងៃត្រង់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ហាក់ លី នាយរងការិយាល័យ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៧២ «ន»ដ.ច.ន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ឃ្លាំងលក់រថយន្ត ផ្លូវលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ភ័ក្រ្ត មេត្តា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបររត់កង់បី ទីលំបច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៣A ផ្លូវលេខ១៧៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួរបញ្ចាក់ផងដែរ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បុរសជាជនសង្ស័យបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះជួលលេខ៣A ផ្លូវលេខ១៧៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលជំនាញនៃការិយាល័យនាំខ្លួនមក សាកសួរកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕