ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណ ៣២៧ ២០០ តោន គិតជាទឹកប្រាប់សរុប ១៩៨.៦៣ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។
នៅក្នុងចំនួនអង្ករនាំចេញសរុប ធ្វើឡើងតាមរយៈ ៥៣ក្រុមហ៊ុនផ្សេងគ្នា ប៉ុន្តែគោលដៅនាំចេញនៅតែប្រទេសចិន ជាប្រទេសនាំមុខ ក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨ ២៨០ តោន ឬស្មើនឹង ៥១.៤៣% ដែលមានកំណើនចំនួន ១៧.៤៤ % បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ១០៦ ១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦.៩០% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨ ៦៨០ តោន ឬស្មើនឹង ៨.៧៧% ដែលមានកំណើនចំនួន ៦.៦៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេស បានចំនួន ២៤ ០៤៦ តោន ឬស្មើនឹង ៧.៣៥%។
សម្រាប់ប្រភេទអង្ករនាំចេញ គឺមានអង្ករក្រអូប គ្រប់ប្រភេទ បានចំនួន ៦២.៤៤% អង្ករ ស បានចំនួន ៣៤.១២% អង្ករចំហ៊ុយ បានចំនួន ១.៩៣% និងអង្ករសរីរាង្គបានចំនួន ១.៥០% និងអង្ករដំណើប បាន០.០១% ឬស្មើនឹង ២៣ តោន។
សូមជម្រាបថា កាលពីពេលកន្លងទៅក្រុមហ៊ុនម៉ាកាស់ លែន ក៏បាននាំចេញអង្ករត្រង់ទៅប្រទេសចិនផងដែរ ខណៈកុងត្រានាំចេញទទួលបានប្រមាណ ៣៦ម៉ឺនតោននៅក្នុងមួយឆ្នាំ៕