រថយន្តកូរ៉េបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយ បណ្តាលឲ្យដាច់ទ្រុងធ្លាក់ចេញមកក្រៅ និងរបួសធ្ងន់ស្រាលមនុស្ស ២ នាក់

15

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត បើករថយន្តកូរ៉េមួយគ្រឿងដឹកសម្ភារៈ ជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នករួមដំណើរកៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ចំណែកអ្នកបើកបរបានរងរបួសស្រាល និងដាច់ទ្រុងរថយន្តធ្លាក់មកក្រៅ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខរោងចក្រក្រោន តាមបណ្តោយផ្លូវមហាវិថីចោមចៅ(វេងស្រេង) ស្ថិតក្នុងស្រុកកាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ 3A-0184 ចតស្ងៀមនៅចិញ្ចើមផ្លូវក្នុងទិសដៅពីកើតទៅលិច នៅចំណុចកើតហេតុខាងលើ ដោយមិនមានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវឡើយ លុះមកដល់ម៉ោងចំណុចកើតហេតុ ក៏មានរថយន្ដកូរ៉េមួយគ្រឿងដឹកសម្ភារៈ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-5084 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតស្របគ្នា ក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នករួមដំណើរគៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ចំណែកអ្នកបើកបររងរបួសស្រាល ។ឯទ្រុងរថយន្តក៏បានដាច់ធ្លាក់ចេញមកក្រៅ។ ភ្លាមៗនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕