សូមបើកបរដោយស្មារតីប្រុងប្រយ័ត្ន! យុវជន ០២នាក់ ជិះម៉ូតូលឿនដូចហោះ មកដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្ត បណ្តាលឲ្យហោះផ្លោងស្លាប់បាត់បង់ជីវិតម្នាក់

32

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងទាំងកណ្តាលអធ្រាត្រ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីពេទ្យ ដោយសារការបើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១៖៥០នាទីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវផ្លូវ៣៥០ កែងផ្លូវ១៦៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង   រាជធានីភ្នំពេញ ។

យោងតាមមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក់ Toyota Prius មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AY-2435 បើកបរដោយបុរសម្នាក់  ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង។

លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមានម៉ូតូម៉ាក Yamaha  150cc មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1JB-7356 ធ្វើដំណើរចំនួនដោយយុវជន ២ នាក់តាមបណ្តោយផ្លូវ៣៥០ ក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នផងនោះ ក៏បានអកសឺចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុល ទៅបុករថយន្តចំពីចំហៀងផ្នែកខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សហោះផ្លោងខ្ទាតចេញពីម៉ូតូបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់។

ចំណែកឯម៉ូតូរងការខូចខាតខ្ទិចស្ទើតែទាំងស្រុង ខណៈដែលភាគីខាងរថយន្តរងការខូចខាតចំផ្នែកខាងក្រោយទ្វារចំហៀងខាងឆ្វេងខ្ទិចទាំងស្រុង និងបែកពងកាពារសុវត្តិភាពផងដែល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង រួចបានយករថយន្ត និងម៉ូតូទៅក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាពេលក្រោយបន្តទៀត ។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើ កោសល្យវិច្ច័យ  រួចធ្វើរបាយការណ៍កំណត់ហេតុ រងចាំគ្រួសារសាច់ញាតិ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕