រថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តប្រមូលសំរាមពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ៣នាក់

12

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយមនុស្សស្ត្រី និងបុរស២នាក់ទៀត បានបើករថយន្តកាមរីបាឡែនមួយគ្រឿងតាមបណ្តោយផ្លូវហាណូយបោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តប្រមូលសំរាមពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខ្ទេចមួយកំណាត់មុខនិងបណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកម្មករប្រមូលសំរាមដែលមានវត្ថមាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយរូបគាត់ និងអ្នកបើកបររថយន្តដឹកសំរាម រួមជាមួយនឹងកម្មករប្រមូលសំរាមមានគ្នាបួននាក់ បានបើករថយន្តប្រមូលសំរាមមួយគ្រឿងក្បាលពណ៌ត្រូយចេកមិនមានស្លាលេខ បើកចេញដើរប្រមូលសំរាមនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខណៈពេលកំពុងតែប្រមូលសំរាមត្រង់ចំណុចជិតស្តុប៩២ ស្រាប់តែមានបុរសម្នាក់រួមដំណើរជាមួយនិងមនុស្ស២នាក់ទៀតបានបើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-9324  ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ក៏មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តកាមរីបាឡែន រងការខូចខាតខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង ចំណែកឯរថយន្តប្រមូលសំរាមវិញរងការខូចខាតកាងផ្នែកខាងក្រោយយ៉ាងដំណំ រីឯមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ ក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់ រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ដើម្បីវាស់វែង និងស្ទួចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំការដោះស្រាយនៅពេលក្រោយ៕