ជនបរទេសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីក្រុមចោរឆក់កាបូបទាញធ្លាក់ពីលើម៉ូតូកង់បី

899

ភ្នំពេញ៖ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីបុរសជនបរទេសម្នាក់ ដែលកំពុងតែជិះលើម៉ូតូកង់បីមិនបានសម្រេច ប៉ុន្តែបានទាញទម្លាក់ម្ចាស់កាបូបឲ្យដួលបោកក្បាលនៅនឹងថ្នល់ និងបានស្លាប់បាត់បង់ជីវិតក្រោយបញ្ចូនដល់មន្ទីពេទ្យ ចំណែកជនសង្ស័យក៏បានជិះគេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ១៦១ ត្រង់ចំនុចមុខវត្តសំពៅមាស ក្នុងសង្កាត់បឹង ប្រលឹត  ខណ្ឌ៧មករា  រាជធានី ភ្នំពេញ នៅវេលា។

យោងតាមការបញ្ជាក់ពីបុរសជានាក់រត់កង់បី បានប្រាប់អោយដឹងថា ដំបូងឡើយគាត់បើកម៉ូតូកង់បីពណ៌សមួយគ្រឿង និងបានដឹកភ្ញៀវ ជនបរទេសដែលជាជនរងគ្រោះ រួមនឹងនារីម្នាក់ទៀតដឹកចេញពីផ្លូវ២២២ ចំណុចខាងក្រោយវាំង រួចធ្វើដំណើរកាត់តាមបណ្តោយផ្លូវ១៦១គោលបំណងដឹកត្រឡប់ទៅផ្ទះម្តុំវិទ្យាល័យបាក់ទូក។

លុះជិះមកដល់ត្រង់ចំណុចកើតហេតុទល់មុខនិងវត្តសំពៅមាស ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿងតាមមកពីក្រោយរួចក៏ឈោងដៃឆក់ទាញយកកាបូបពីជនរងគ្រោះដែលកំពុងកាន់នៅនឹងដៃ ខណៈនោះដែរជនរងគ្រោះក៏បានទាញប្រតាយប្រតប់គ្នាយកការបូបបានមកវិញ និងបណ្តាលអោយធ្លាក់ពីលើម៉ូតូកង់បី ដាច់ផ្ងាក្រោយ បណ្តាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែអកុសលសភាពធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់នៅឯមន្ទីពេទ្យតែម្តងទៅ។ ចំណែកឯជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

សូមបញ្ជាក់ថាក្រោយកើតហេតុខាងលើពុំមានវត្តមានសមត្ថកិច្ចខណ្ឌ៧មករាចុះមកជួយអន្តរាគមន៍នោះទេ មានតែនាក់សារព័ត៌មាន និងប្រជាពលរដ្ឋតែប៉ុណ្ណោះដែលជួយទាក់ទងទៅរថយន្តសាមុយដឹកយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យឯកជនមួយកន្លែង៕