ប្រជាពលរដ្ឋ សំណូមពរអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យបច្ចេកទេសពុះចែកទ្រូងផ្លូវ ត្រង់ចំណុចក្បាលនាគចុះទៅស្ពានអាកាសស្ទឹងមានជ័យ ខណៈពេលយប់ពុំមានភ្លើងសញ្ញាសម្គាល់ បង្កគ្រោះថ្នាក់ជាញឹកញាប់

8

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតមានជាញឹកញាប់ ត្រង់ចំណុចក្បាលនាគពុះចែកទ្រូងផ្លូវ តាមបណ្តោយផ្លូវចុះទៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណៈដែលទីតាំងចំណុចនេះពុំមានស្លាកសញ្ញាសម្គាល់ ឬភ្លើងចំណាំងផ្លាតណាមួយ តាមស្តង់ដាបច្ចេកទេសនោះទេ ដែលធ្វើឲ្យអ្នកធ្វើដំណើរមកដល់ទីតាំងនេះមានការលំបាក និងប្រឈមគ្រោះថ្នាក់ចរាចរណ៍ផងដែរពិសេសនៅពេលយប់។

ទីតាំងនេះស្ថិតនៅចំណុចលើផ្លូវលេខ២១៧ ជិតវត្តស្ទឹងមានជ័យ   ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាក់ស្តែងថ្មីៗនេះ មានករណីដ៏គួរឲ្យរន្ធត់មួយបានកើតឡើងត្រង់ចំណុចក្បាលនាគពុះចែកទ្រូងផ្លូវនេះកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១៖២៥នាទីយប់ ដោយបុរសម្នាក់បើករថយន្ត LEXUS RX 300 ពណ៌ស្ករ  ពាក់ស្លាកលេខ ភ្នំពេញ 2AO 2105 បើកបរក្នុងទិសដៅពីលិចទៅកើត បានជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តហោះគងលើទ្រូងផ្លូវតែម្តង រងការខូចខាតរថយន្តស្ទើតែទាំងស្រុង ប៉ុន្តែសំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

គួរម្លឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតចេញពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរហួសល្បឿនកំណត់ និងបើកបរក្នុងស្ថានភាពស្រវឹង ប៉ុន្តែទោះជាយ៉ាងនេះក្តីបច្ចេកទេសផ្លូវថ្នល់ក៏ជាចំណែកមួយក្នុងការសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។

អាស្រ័យដូចនេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរជំនាញមានសមត្ថកិច្ចមេត្តាចុះពិនិត្យ និងរៀបចំបច្ចេកទេសផ្លូវត្រង់ចំណុចក្បាលនាគពុះចែកទ្រូងផ្លូវនេះផង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធានាបានសុខសុវត្ថិភាពរបស់ពលរដ្ឋយើងទាំងអស់គ្នា៕