សូមបើកបរដោយការប្រុងប្រយ័ត្ន! បុរសម្នាក់បើករថយន្តលឿន ជ្រុលទៅបុកក្បាលនាគ បណ្តាលឲ្យកៀបជាប់ក្នុងរថយន្ត

122

ភ្នំពេញ៖ បុរសម្នាក់បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នផងនោះ ក៏បានរេចង្កូតទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ១កង់ និងបណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១៖៥០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ចំណុចមុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យបានដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តម៉ាក Corola មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2J-0347 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីកើតទៅលិច។

ខណៈពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយបើកបរក្នុងស្ថានភាពល្បឿនល្បឿន ថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពីមុខពេញទំហឹង បាក់អស់ចំនួនមួយកង់ បណ្ដាលឲ្យរងការខូចខាតត្រង់ផ្នែកខាងមុខ ខ្ទិចស្ទើទាំងស្រុង បង្កឲ្យបុរសជាអ្នកបើកបរគៀបជាប់ខាងក្នុងរថយន្ត ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង និងបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយតាមជំនាញនីតិវិធីច្បាប់នៅពេលក្រោយ៕