សហរដ្ឋអារដ្ឋអាមេរិក៖ក្រសួងការបទេសសហរដ្ឋអាមេរិក ប្រកាសកាលពីថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ ថា សហរដ្ឋអាមេរិក នឹងលក់ប្រព័ន្ធការពារមីស៊ីលសំខាន់ៗ ទៅអោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដែលមានតម្លៃជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ ndtv នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ ។
យោងតាមការចុះផ្សាយដដែល អោយដឹងថា ការអនុម័តនេះត្រូវបានប្រកាសពីរសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបជាមួយមេដឹកនាំនៃប្រទេសទាំងពីរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងដំណើរទស្សនកិច្ចមួយ ដើម្បីពង្រឹងទំនាក់ទំនង ។ ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា អារ៉ាប៊ីសាអូឌីតនឹងទិញប្រព័ន្ធការពារមីស៊ីល ប្រភេទ Patriot MIM-104E ចំនួន ៣០០គ្រឿង ជាប្រព័ន្ធការពារអាកាសរយៈចម្ងាយឆ្ងាយ និងមីស៊ីលឆ្លងទ្វីប ក៏ដូចជាយន្តហោះវាយប្រហារ និងឧបករណ៍ពាក់ព័ន្ធទៅអោយប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចព្រមព្រៀងមានតម្លៃរហូតដល់ ៣.០៥ពាន់លានដុល្លារ ។
ជាមួយគ្នានេះ ដែរ សហរដ្ឋអាមេរិក ក៏បានអនុម័តលក់ប្រព័ន្ធការពារមីស៊ីល ផ្នែកអាកាសរយៈកម្ពស់ខ្ពស់ Terminal High Altitude Area Defense ហៅកាត់ថា THAADនិងឧបករណ៍ពាក់ព័ន្ធមួយចំនួន ទៅដល់អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រៀងមានតម្លៃរហូតដល់ ២.២៥ពាន់លានដុល្លារ ។
សូមជម្រាបថា ប្រព័ន្ធការពារអាកាសទាំងនេះ គឺដើម្បីការពារព្រំដែននៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកឆ្លងកាត់ព្រំដែន និងការវាយប្រហារដោយមីស៊ីលផ្លោងទៅលើទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម នេះ ៕