ភ្នំពេញ៖ សមត្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្មមួយ ដែលឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់បុរសម្នាក់ឲ្យរបួសធ្ងន់ធ្ងរ និងបានបាត់បង់ជីវិតនៅពេលដែលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។
មូលហេតុនៃករណីឃាតកម្មដែលឈានដល់ការបាញ់សម្លាប់បងប្អូនបង្កើតខ្លួនបែបនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហើបនៅឡើយទេ ប៉ុន្តែជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជាក់ថាជាបងប្រុសបង្កើតរបស់ជនរងគ្រោះ ខណៈដែលធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោលបាន១ថ្ងៃ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។
ជនសង្ស័យមានឈ្មោះ ស្រ៊ុន ខុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកឯជនរងគ្រោះដែលត្រូវជាប្អូនប្រុសមានឈ្មោះ ស្រ៊ុន សុខាវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០ ត្រង់ចំណុចភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ជនសង្ស័យស្រ៊ុន ខុម ដែលជាជនសង្ស័យបានដកកាំភ្លើងបាញ់ជនរងគ្រោះឈ្មោះ ស្រ៊ុន សុខាវ ដែលជាប្អូនរបស់ខ្លួន ចំស្នៀតផ្កាធ្លាយពីម្ខាងទៅម្ខាង បណ្តាលឲ្យរងរបួសធ្ងន់ រហូតស្លាប់បាត់បង់ជីវិតនៅពេលដែលបញ្ចូនទៅដល់មន្ទីពេទ្យបានពាក់កណ្តាលផ្លូវ។
ក្រោយពីទទួលបានព័ត៌មានខាងលើ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជនស្ស័ នៅចំណុចផ្ទះសំណាក់ទឹកមាស ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងដកហូតបានអាវុធខ្លី០១ដើម ម៉ាកGlock លេខKPY990 បង់02 គ្រាប់9mm ចំនួន១២គ្រាប់ និងម៉ៅក្រាមថ្លា ពណ៌ស ចំនួន១កញ្ចប់ធំ និង២កញ្ចប់តូច។
បច្ចុប្បន្ននាយដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តនីតិវិធី ប្រគល់ជនសង្ស័យខាងលើជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់កាតបន្តតាមនីតិវិធី៕